ភ្នំពេញ ÷ អាសូរណាស់ ក្មេងប្រុសទើបតែអាយុ១៥ឆ្នាំម្នាក់ ចេញពីផ្ទះមកលេងទឹកស្រះក្នុងវត្តស្ទឹងមានជ័យ រួចហក់ទៅហែលលេងបណ្តាលឲ្យរអិលធ្លាក់ ទៅក្រោមលង់ស្លា.ប់ភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី៩ ខែធ្នូឆ្នាំ២០២១ ចំណុចក្នុងវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពក្មេងប្រុសឈ្មោះហ៊ន ផល្លី អាយុ១៥ ឆ្នាំ ជាសិស្សថ្នាក់ទី៥ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្រោយផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

យោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញក្មេងប្រុសរងគ្រោះ និងមិត្តភក្តិ បាននាំគ្នាមកហែលទឹកលេងនៅក្នុងស្រះវត្តស្ទឹងមានជ័យ បន្ទាប់មកក្មេងប្រុសរងគ្រោះ បានឡើងទៅលើបង្កាន់ដៃជាប់មាត់ស្រះ រួចលោតចុះទៅក្នុងទឹកលិចបាត់ ទៅក្រោមយ៉ាងយូរ ស្រាប់តែមួយសន្ទុះក្រោយមក មិនឃើញងើបមកលើទឹកវិញ ក៏ពលរដ្ឋជិតខាងមានការភ័យស្លន់ស្លោ នាំគ្នាចុះទៅជួយរាវ បន្ទាប់មកក៏ ឃើញក្មេងប្រុសរងគ្រោះរូបនោះ រួចស្រង់ពីក្នុងទឹកដាក់មកលើគោកវិញ ហើយពិនិត្យមើលទៅឃើញថា ក្មេងប្រុសរូបនោះបានផុតដង្ហើមបាត់ទៅហើយ ចំណែកមិត្តភក្តិភ័យនាំគ្នារត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល ក្រោយមកក៏រាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ក៏ពិនិត្យទៅលើសពឃើញថា ពិតជាស្លា.ប់ដោយលង់ទឹកពិតមែន រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត











