ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការជឿជាក់ថា ភាពជាដៃគូរ រវាងធនាគារពិភពលោក និងកម្ពុជា នឹងកាន់តែមានសារៈសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងបរិបទ ដែលពិភពលោកទាំងមូល ក៏ដូចជាកម្ពុជាកំពុងខិតខំដោះស្រាយវិបត្តិសេដ្ឋកិច្ច និងសុខាភិបាល ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ខណៈធនាគារពិភពលោកត្រៀមខ្លួនជានិច្ច ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាគាំទ្រដល់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តគម្រោងផ្សេងៗ ដែលកំពុងអនុវត្ត។

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញតជូនលោកស្រី Maryem salim នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍លោកស្រី ដែលចូលកាន់តួនាទីជានាយក World bank ថ្មីប្រចាំនៅកម្ពុជា។ ផ្អែកលើបទពិសោធន៍ការងាររបស់លោកស្រី សម្ដេចបានសម្ដែងការជឿជាក់ថា ភាពជាដៃគូររវាងធនាគារពិភពលោក និងកម្ពុជា នឹងកាន់តែមានសារៈសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងបរិបទ ដែលពិភពលោកទាំងមូល ក៏ដូចជាកម្ពុជាកំពុងខិតខំដោះស្រាយវិបត្តិសេដ្ឋកិច្ច និងសុខាភិបាល ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានបន្តថារាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំយកចិត្តទុកដាក់ ក្នុងការដាក់ចេញនូវរាល់វិធានការនានា ទាំងវិធានការសេដ្ឋកិច្ចនិងសុខាភិបាល ដើម្បីធានាដល់ការគ្រប់គ្រង និងគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសការការពារអាយុជីវិតប្រជាពលរដ្ឋឱ្យចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនេះដែរសម្ដេចក្រឡាហោម បានថ្លែងអំណរគុណធនាគារពិភពលោក ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រប្រកបដោយភាពបត់បែន ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍គម្រោងគាំទ្រនានា ដែលបានចូលរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ រួមទាំងគម្រោងស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩នេះ។
ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏បានវាយតម្លៃខ្ពស់ចំពោះគម្រោងនានាដែលWold Bank កំពុងជួយគាំទ្រដល់ការលើកកម្ពស់ អភិបាលកិច្ចល្អនៅកម្ពុជា ជាពិសេសការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
ពាក់ព័ន្ធនឹងកិច្ចសហការលើគម្រោងកន្លងមក សម្ដេចក្រឡាហោម បានលើកឡើងពីការបញ្ចប់គម្រោងចំនួន៣ ក្នុងនោះរួមមានទី១ គឺការវិនិយោគជនបទសម្រាប់រដ្ឋបាលមូលដ្ឋាន ដែលបានផ្ដល់ហិរញ្ញប្បទានវិនិយោគដល់រដ្ឋបាលថ្នាក់ក្រោមជាតិពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០, ទី២-គម្រោងអភិបាលកិច្ចល្អ ដែលបានជួយដល់ប្រព័ន្ធអភិបាលកិច្ច របស់រដ្ឋបាលថ្នាក់ក្រោមជាតិពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ និងទី៣ គម្រោងសង្គហទានសង្គមពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៦។

សម្ដេច បានបន្តថាគម្រោងដែលកំពុងបន្តអនុវត្តជាមួយធនាគារពិភពលោកនោះ រួមមានទី១ គឺគម្រោងការងារគាំទ្រគណនេយ្យភាពសង្គម ដែលតាមរយៈគម្រោងនេះធនាគារពិភពលោក បានកៀរគរហិរញ្ញវត្ថុគាំទ្រពីបណ្ដាដៃគូអភិវឌ្ឍន៍នានា ក្នុងការងារគណនេយ្យភាពសង្គម ដែលបានរួមចំណែកពង្រឹងការប្រាស្រ័យ ទាក់ទងរវាងរដ្ឋបាលមូលដ្ឋាន ជាមួយប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើង។
សម្ដេច បន្តថា គម្រោងទីពីរ គឺគម្រោងអាហាររូបត្ថម្ភកម្ពុជា ដែលធនាគារពិភពលោក បានលើកកម្ពស់ការទទួលខុសត្រូវ និងគណនេយ្យភាព របស់រដ្ឋបាលមូលដ្ឋានចំពោះប្រជាពលរដ្ឋសម្រាប់ការផ្ដល់សេវា ថែទាំសុខភាពមាតា និងទារក តាមរយៈកម្មវិធីផ្ដល់អាហារូបត្ថម្ភដល់កុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងស្ត្រីកំពុងបំបៅដោះកូនជាដើម។

ដោយឡែកគម្រោងទី៣ សម្ដេចបានបន្តថា ជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ នៅក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងដំណាក់កាលទី១ និងទី២ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ សម្ដេច បន្តថា គម្រោងនេះ ពិតជាបានផ្ដល់នូវសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋក្រីក្រ ជាក់ស្ដែងគម្រោងនេះ បានជួយរាជរដ្ឋាភិបាលក្នុងការផ្ដល់លំនៅឋាន និងដីកសិកម្មដល់គ្រួសារក្រីក្រប្រមាណ៥ពាន់គ្រួសារ ព្រមទាំងបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ដូចជាផ្លូវចំនួន៣៤៥គីឡូម៉ែត្រ សំណង់អាគារសាលារៀនចំនួន ៨ខ្នង ប៉ុស្តិ៍សុខភាពសរុបចំនួន៥ខ្នង សំណង់ផ្សារសហគមន៍ និងអាគារសហគមន៍ចំនួន១២ខ្នង សំណង់ធារាសាស្ត្រចំនួន៧កន្លែង អណ្ដូងទឹកស្អាតចំនួន ៧៩អណ្ដូង និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលគាំទ្រដល់ការរស់នៅរបស់ ប្រជាពលរដ្ឋក្នុងសហគមន៍។ ចំណែកគម្រោងទី៤ គឺគម្រោងលើកកម្ពស់ជីវភាពរបស់ប្រជាជនក្រីក្រ ដែលបានចូលរួមជួយលើកកម្ពស់ជីវភាព របស់ប្រជាជនក្រីក្រនៅខេត្តសៀមរាប។
ជុំវិញការអនុវត្តគម្រោងទាំងនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា នេះគឺជាលទ្ធផលជាក់ស្ដែងដែលធនាគារពិភពលោក បានជួយគាំទ្រដល់កម្ពុជា ដែលសម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តនូវកិច្ចសហប្រតិបត្តិការល្អរបស់ធនាគារពិភពលោក។
ជាការឆ្លើយតបលោកស្រី Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចក្រឡាហោម ដែលបានទទួលលោកស្រីនាឱកាសនេះ ហើយលោកស្រីបានបញ្ជាក់ទៀតថា លោកស្រីធ្លាប់បំពេញការងារនៅកម្ពុជា តាំងតែពី២០ឆ្នាំមុនមកម្ល៉េះ ជាពិសេសក្នុងការងារនៃគម្រោង ដែលសម្ដេចបានរំលឹកឡើងខាងលើ។

លោកស្រី បានបន្តថាទោះបីស្ថិតក្នុងស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា លោកស្រីមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការផ្សេង ប្រកបដោយប្រសិទ្ធភាព ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលបានធ្វើឲ្យស្ថានភាព វិលមករកភាពល្អប្រសើរឡើងវិញ។
លោកស្រី ក៏បានជម្រាបជូនសម្ដេចក្រឡាហោម អំពីការសិក្សាគម្រោងថ្មីមួយ របស់ធនាគារពិភពលោក គឺពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់រឹង នៅតាមមូលដ្ឋាន ហើយដែលគម្រោងនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលពីគ្រោះយោបល់នៅឡើយ និងក៏ទាមទារឱ្យមានការគាំទ្រពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសពីក្រសួងមហាផ្ទៃ ដើម្បីធ្វើឲ្យគម្រោងនេះ ទទួលបានជោគជ័យផងដែរ។ លោកស្រី បានបន្តថា ការពិគ្រោះយោបល់កម្រិតដំបូងលើគម្រោងនេះ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប និងគ្រោងរៀបចំការពិគ្រោះយោបល់ បន្តនៅខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។
លោកស្រី ក៏បានគូសបញ្ជាក់ជូនសម្ដេចថា បច្ចុប្បន្ននេះធនាគារពិភពលោក កំពុងស្វែងរកធនធានបន្ថែមទៀត ដើម្បីផ្ដល់ជាហិរញ្ញប្បទានដល់គម្រោង កំពុងអនុវត្តឲ្យមានដំណើរការ ប្រកបដោយប្រសិទ្ធភាព ហើយជាមួយគ្នានេះលោកស្រី ចង់ទទួលទស្សនៈពីសម្ដេចក្រឡាហោម ពាក់ព័ន្ធនឹងស្ថានភាពកម្ពុជា ដើម្បីជួយជាការតម្រង់ទិស ដល់ធនាគារពិភពលោកបន្តការគាំទ្រប្រទេសកម្ពុជា។
ឆ្លើយតបនឹងការលើកឡើងរបស់លោកស្រី សម្ដេចក្រឡាហោម បានមានប្រសាសន៍អំពីការងារកន្លងមក ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងវិធានការផ្សេងៗ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។

សម្ដេច បានមានប្រសាសន៍ថា សារៈសំខាន់នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា គឺដោយសាររាជរដ្ឋាភិបាល មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ហើយជាពិសេសប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដាក់ចេញ នូវវិធានការផ្សេងៗដើម្បីទប់ទល់នឹងជំងឺនេះ ក្នុងនោះទីមួយគឺការបញ្ជ្រាប ការយល់ដឹងដល់ប្រជាពលរដ្ឋឲ្យចេះការពារខ្លួន ក៏ដូចជាការដាក់ចេញនូវវិធានការ៣កុំ ៣ការពារ និងទីពីរ គឺការប្ដេជ្ញាស្វែងរកវ៉ាក់សាំង ហើយបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋគ្រប់គ្នាតាមគម្រោង ដែលពីមុនបានចាក់ត្រឹមពីរដូស បន្ទាប់មកបានបន្ថែមការចាក់ដូសជំរុញបន្តទៀត ហើយថាអ្វីដែលបានសម្រេចនោះ គឺការចាក់វ៉ាក់សាំងទទួលបានចំនួនតាមគម្រោង ពិសេសបានចាក់ដល់កុមារ។
សម្ដេច បានបន្តថាវិធានការមួយទៀត គឺការត្រៀមខ្លួនជាមុនរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការផ្ទេរសិទ្ធិអំណាចទៅដល់រដ្ឋបាលថ្នាក់មូលដ្ឋាន ដែលសម្ដេចបានលើកឡើងថា បានត្រៀមចំនួនពីរខែមុនការមកដល់នៃជំងឺកូវីដ-19 ដែលបានផ្ទេរទាំងសិទ្ធិអំណាច និងធនធាន ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចដាក់ចេញ និងគ្រប់គ្រងទៅលើវិស័យសុខាភិបាលជាឧទាហរណ៍ គឺការបិទខ្ទប់តំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ ដែលមានការបែងចែកជាតំបន់ក្រហម តំបន់រឿងទុំ និងតំបន់លឿង។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណការវាយតម្លៃរបស់ធនាគារពិភពលោកចំពោះជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩ នៅកម្ពុជា ដែលបើប្រៀបធៀបទៅនឹងប្រទេសជិតខាងមានប្រទេសឡាវ វៀតណាម និងថៃ គឺកម្ពុជាមានភាពល្អប្រសើរជាង។
ចំពោះផែនការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាទោះបីជាកម្ពុជាមានភាពធូរស្រាល ប៉ុន្តែប្រទេសជិតខាងនៅមានភាពធ្ងន់ធ្ងរនៅឡើយ ដោយបច្ចុប្បន្ននេះ ភាគីកម្ពុជាកំពុងចាំមើលស្ថានភាពជាក់ស្ដែង។ សម្ដេច បន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្រាងសេចក្ដីព្រាងផែនការ ស្ដារសេដ្ឋកិច្ចឡើងវិញ និងកំពុងពិភាក្សាជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ក្នុងគោលដៅ នៃការស្ដាសេដ្ឋកិច្ចឲ្យមានភាពរស់រវើកឡើងវិញ រាជរដ្ឋាភិបាលបានអនុញ្ញាត ឲ្យមានសកម្មភាពអាជីវកម្ម និងការងារផ្សេងៗជាបន្តបន្ទាប់ ហើយជាលទ្ធផលមិនមានការឆ្លងរីករាលដូចពីមុននោះទេ ដែលនេះចាត់ទុកជាភាពជោគជ័យមួយ ដើម្បីបន្តនូវការបើកដំណើរការ ប្រទេសជាតិជាបណ្ដើរៗ និងឈានទៅបើកប្រទេសទាំងស្រុង។
សម្ដេចក្រហោម ក៏បានឆ្លៀតបញ្ជាក់ទៅកាន់លោកស្រី អំពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ហើយដែលគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ដំណាក់កាលទី១ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ នឹងឈានចូលដំណាក់កាលទី២ រយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០៣០ ក្នុងនោះរួមមានការកំណត់ចក្ខុវិស័យ និងយុទ្ធសាស្ត្រសំខាន់ៗសម្រាប់អនុវត្តកំណែទម្រង់នេះដល់ឆ្នាំ២០៣០។
ពាក់ព័ន្ធនឹងការអនុវត្តដំណាក់កាលទីពីរនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាឯកសារសំខាន់ៗត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល ហើយគ្រោងនឹងផ្សព្វផ្សាយដើម្បីកៀរគរការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

ជាការឆ្លើយតបលោកស្រីនាយកធនាគារពិភពលោកប្រចាំនៅកម្ពុជា បានសំដែងការអបអរសាទរ ចំពោះរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋដែលជាបទពិសោធន៍មួយ ក្នុងការដែលប្រទេសផ្សេងៗអាចយកជាគំរូ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីក៏បានជម្រាបសម្ដេចថា ធនាគារពិភពលោកត្រៀមខ្លួនជានិច្ច ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាគាំទ្រដល់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្តគម្រោងផ្សេងៗ ដែលកំពុងអនុវត្ត ហើយក៏រង់ចាំធ្វើការជាមួយក្រសួងមហាផ្ទៃ ប្រសិនបើក្រសួងមានគំនិតចង់សិក្សា អំពីគម្រោងណាមួយជាមួយធនាគារពិភពលោក។
លោកស្រីបានថ្លែងអំណរគុណ ជូនសម្ដេចក្រឡាហោម ដែលបានចំណាយពេលវេលា ដ៏មានតម្លៃជួបលោកស្រីនាឱកាសនេះ ហើយសម្ដេចក្រឡាហោម ក៏បានជូនពរលោកស្រីឲ្យទទួលបានជោគជ័យ នៅក្នុងអាណត្តិការងារនៅព្រះរាជាណាចក្រកម្ពុជា៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





