Monday, March 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា ជួយគាំទ្រលើកិច្ចការងារមួយចំនួននៅកម្ពុជា ទាំងការងារអភិវឌ្ឍមូលដ្ឋាន និងការងារបណ្ដុះបណ្ដាលធនធានមនុស្ស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាចូលជួបសម្ដែងគួរសម នៅថ្ងៃព្រហស្បតិ៍ទី៩ ខែធ្នូ ឆ្នាំ២០២១នេះ។

ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចបានសម្ដែងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងឥណ្ឌា ដែលមានជាយូរឆ្នាំមកហើយ ជាពិសេឥណ្ឌាជាប្រទេសមួយដំបូងគេដែលទទួលស្គាល់កម្ពុជាក្រោយការដួលរលំនៃរបបខ្មែរក្រហម។

សម្ដេចបន្តថាទំនាក់ទំនងប្រទេសទាំងពីរ តែងត្រូវបានពង្រឹង និងលើកកម្ពស់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ។ សម្ដេចក៏បានសម្ដែងក្ដីអបអរសាទរ ចំពោះទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំ គ្រប់កម្រិតនៃប្រទេសទាំងពីរ ពិសេសការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក រវាងថ្នាក់ដឹកនាំគ្រប់កម្រិត ក៏បានឆ្លុះបញ្ចាំងនូវទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ។

នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណ រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌា ដែលបានជួយគាំទ្រ ជាពិសេសទៅលើផ្នែកនៃការអភិវឌ្ឍសមត្ថភាព ការបណ្ដុះបណ្ដាលធនធានមនុស្ស ដល់មន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថានឹងបន្តផ្ដល់កិច្ចសហការជំរុញ អនុវត្តទៅតាមអ្វីដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានព្រមព្រៀង ក៏ដូចជារវាងក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា និងឥណ្ឌា បានឯកភាពក្នុងការបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

ជាការឆ្លើយតបលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានឯកភាពចំពោះការវាយតម្លៃ របស់សម្ដេចក្រឡាហោមអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា និងឥណ្ឌា ដោយលោកជំទាវក៏បានសង្កត់ធ្ងន់ថាជាការពិតទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាមានជាយូរលង់ណាស់មកហើយ ពិសេសប្រទេសទាំងពីរ មានការផ្សារភ្ជាប់វប្បធម៌ អរិយធម៌ សាសនាតាំងពីយូរលង់ និងដូចដែលសម្ដេចបានមានប្រសាសន៍ថា ប្រទេសឥណ្ឌាជាប្រទេសមួយ ដែលគាំទ្រកម្ពុជាក្រោយ ការដួលរលំរបបខ្មែរក្រហម។

ក្នុងនាមឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា លោកជំទាវបានគូសបញ្ជាក់ថា នឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជាមួយកម្ពុជា ដោយបន្តខិតខំធ្វើយ៉ាងណា ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ កាន់តែសកម្មថែមទៀតរវាងប្រទេសទាំងពីរ និងរវាងស្ថាប័នពាក់ព័ន្ធកម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌា។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនសម្ដេចក្រឡាហោម អំពីការជួយគាំទ្ររបស់ភាគីឥណ្ឌា លើកិច្ចការងារមួយចំនួននៅកម្ពុជា ទាំងការងារអភិវឌ្ឍមូលដ្ឋាន ការងារបណ្ដុះបណ្ដាលធនធានមនុស្ស ដែលលោកជំទាវពិតជារីករាយ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនេះ បន្ថែមទៀត ពិសេសក្នុងខេត្តមួយចំនួន ដែលជាមណ្ឌលបោះឆ្នោត សម្ដេចក្រឡាហោមទទួលខុសត្រូវ។

លោកជំទាវក៏បានជម្រាបជូនសម្ដេចក្រឡាហោម ទៀតថា នៅឆ្នាំ២០២២ខាងមុខនេះ ជាឆ្នាំដ៏មានសារសំខាន់សម្រាប់កម្ពុជា ជាឆ្នាំដែលកម្ពុជា ទទួលធ្វើជាប្រធានអាស៊ាន និងក៏ជាឆ្នាំប្រារព្ធខួបទំនាក់ទំនង៧០ឆ្នាំ​ រវាងកម្ពុជា និងឥណ្ឌា។ លោកជំទាវ ក៏មានក្ដីរីករាយក្នុងការបន្ត ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ និងផ្នែកនានាដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជា ជាមួយនឹងភាគីឥណ្ឌា ដើម្បីអបអរសាទរដល់ឆ្នាំ 2022 ជាឆ្នាំដ៏មានសារៈសំខាន់នេះ។

ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ និងគំនិតផ្ដួចផ្ដើមរបស់លោកជំទាវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ រួមទាំងការងារឋិតក្រោមសមត្ថកិច្ចទទួលខុសត្រូវ របស់ក្រសួងមហាផ្ទៃ។

សម្ដេចក៏បានសម្ដែងក្ដីរីករាយទទួល​យកគំនិតយោបល់ល្អៗ របស់លោកជំទាវ នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរនេះ ដោយសម្ដេចបន្តថានឹងបន្ត ជំរុញដល់ការអនុវត្តបណ្តាកិច្ចព្រមព្រៀង និងអនុស្សារណៈនានា ដែលភាគីទាំងពីរបានចុះហត្ថលេខា នាពេលកន្លងមក ធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីបម្រើដល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រជាជន និងប្រទេសទាំងពីរ។

មុននឹងបញ្ចប់សម្ដេចក្រហោម ស ខេង បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត សូមបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពជោគជ័យដោយសម្ដេច បានគូសបញ្ជាក់ទៀតថា​ សម្ដេចត្រៀមខ្លួនជានិច្ច ក្នុងការជជែកពិភាក្សា លើការងារផ្សេងៗ ជាមួយលោកជំទាវឯកអគ្គរដ្ឋទូត៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×