Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ហ៊ុន ដានី ៖ រួមគ្នាទាំងវិស័យរដ្ឋ និងឯកជនពង្រីកសក្តានុពល ទេសចរណ៍ ខេត្តសៀមរាប ឱ្យកាន់តែសម្បូរបែប ក្រោមរូបភាព «សៀមរាបក្រៅពីប្រាសាទ»

ខេត្តសៀមរាប ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការចូលរួមរបស់ស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ប្រធានមន្ទីរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត យុវជនស.ស.យ.ក ព្រមទាំងប្រតិបត្តិករ សេវាករទេសចរណ៍ក្នុងខេត្តសៀមរាប ចំនួនជាង១០០នាក់។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា៖ ផ្តើមពីតួនាទីដ៏មានសារ:សំខាន់របស់ស្ត្រី ក្រសួងទេសចរណ៍បានចាត់ទុកស្ត្រី គឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធដែលមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។ កិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។

លោកជំទាវបានបន្តថា ដើម្បីត្រៀមខ្លួនក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាព ដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលមកកម្ពុជា ក្រសួងទេសចរណ៍បាននិងកំពុងខិតខំជំរុញចលនាទេសចរណ៍ក្នុងស្រុកជាមួយនឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) និងវិធានការណែនាំនានារបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះក្រសួងក៏កំពុងខិតខំពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ចឱ្យបានកាន់តែល្អថែមទៀត និងបានជំរុញការចូលរួមរបស់ស្ត្រីក្នុងការអនុវត្តផែនទីចង្អុលផ្លូវ(Road-Map) ស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ផងដែរ។

ទន្ទឹមនឹងការងើបឡើងវិញនៃចលនាទេសចរក្នុងស្រុក មូលដ្ឋានអាជីវកម្មមួយចំនួនធំបានចាប់ផ្តើមបើកដំណើរការឡើងវិញ ដែលផ្តល់ឱកាសឱ្យបុគ្គលិក បានចូលបម្រើការដែលក្នុងនោះមានទាំងស្ត្រីផងដែរ។ ស្រ្តីភាគច្រើនក៏បាននិងកំពុង បន្តការងារតាមបែបគន្លងប្រក្រតីភាពថ្មី។ ក្នុងន័យនេះ ស្ត្រីគឺជាផ្នែកមួយនៃការប្រែក្លាយអនាគតទេសចរណ៍ នៅកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ សុវត្ថិភាព និងមានភាពធន់តាមរយៈការធ្វើបដិសណ្ឋារកិច្ច និងសកម្មភាពការងារទេសចរណ៍របស់ស្ត្រី។

លោកកជំទាវរដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែមទៀតថាបើប្រៀបធៀបទៅឆ្នាំកន្លងទៅវឌ្ឍនភាពការងារស្ត្រីនៅក្នុងវិស័យ“មាសបៃតង”មួយនេះ ស្ថិតក្នុងកម្រិតមួយដែលគួរពិចារណា ប៉ុន្តែការណ៍នេះមិនមែនចំពោះតែស្ត្រីនៅក្នុងវិស័យទេសចរណ៍កម្ពុជានោះទេ ទាំងស្ត្រីក្នុងតំបន់និងអន្តរជាតិផងដែរ។ គោលនយោបាយនិងកម្មវិធីនានារបស់ក្រសួង នៅតែបន្តជំរុញនិងលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងមើលឃើញពីសក្តានុពលរបស់ស្ត្រី នៅក្នុងវិស័យមួយនេះចំពោះសេដ្ឋកិច្ចជាតិ។ ក្រសួងបានយកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារកិច្ច និងជំរុញបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីបង្កើនល្បឿនចលនាទេសចរក្នុងស្រុកឱ្យមានសន្ទុះឡើងវិញ ព្រមទាំងត្រៀមទទួលទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួចហើយ សំដៅធ្វើយ៉ាងណាឱ្យស្ត្រីទទួលបាននូវឱកាសការងារបន្ថែមទៀតពីវិស័យមួយនេះក្នុងឆ្នាំ២០២២ខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានធ្វើការកោតសរសើរដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសមន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបានខិតខំចូលរួមចំណែកជាសេនាធិការឱ្យក្រសួងក្នុងការអនុវត្ត និងជំរុញការផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍ ក៏ដូចជានីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ដែលជាកិច្ចការអាទិភាពបំផុតសម្រាប់ដំណើរការទេសចរណ៍ក្នុងគន្លងប្រក្រតីភាពថ្មី។ លោកជំទាវក៏បានស្នើដល់ប្រតិបត្តិករ សេវាករទេសចរណ៍ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការច្នៃប្រឌិតផលិតផលថ្មីៗ ប្លែកៗប្រកបដោយគុណភាព ពង្រឹងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អ ដើម្បីត្រៀមខ្លួនសម្រាប់ការបើកទេសចរណ៍ឡើងវិញ ក៏ដូចជារួមគ្នាទាំងវិស័យរដ្ឋ និងឯកជនពង្រីកសក្តានុពលទេសចរណ៍ខេត្តសៀមរាប ឱ្យកាន់តែសម្បូរបែបក្រោមរូបភាព «សៀមរាបក្រៅពីប្រាសាទ»៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×