ភ្នំពេញ ៖ ថ្លែងទៅកាន់ក្រុមមន្ត្រីក្នុងសិក្ខាសាលា ស្តីពី «ការប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ និងការអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា សេដ្ឋកិច្ចឌីជីថល ឬពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុងក្លាយជាទិដ្ឋភាពដ៏សំខាន់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សិក្ខាសាលាធ្វើឡើងតាមប្រព័ន្ធវីដេអូ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ រៀបចំដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី (Asian Trade Centre-ATC) និងក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ពាណិជ្ជកម្ម និងវិយោគ TradeWorthy ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ មកពីបណ្តារដ្ឋសមាជិកអាស៊ាន តំណាងមកពីអង្គការ និងវិស័យឯកជននានា ជាច្រើនរូប។
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងទៀតថា ប្រសិទ្ធភាពនៃការអនុវត្តផែនការប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថលឈានមុខ និងការអនុវត្ពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ នឹងជួយដោះស្រាយនូវគំលាតទាំងឡាយទាក់ទងនឹងបទប្បញ្ញត្តិ និងលើកកម្ពស់ក្របខ័ណ្ឌគោលនយោបាយរួមសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់ ក៏ដូចជាដោះស្រាយបញ្ហាទូទៅចំពោះការចូលរួមរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការជំរុញសមាហរណកម្មតំបន់នៃសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តមប៉ាន សូរស័ក្តិ បានបញ្ជាក់ទៀតថា ការអនុវត្តផែនការខាងលើ គឺដើម្បីសម្រួលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ដើម្បីបង្កើតបរិយាកាសនៃការជឿជាក់ និងទំនុកចិត្តក្នុងតំបន់ និងជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់អាស៊ាន។ កន្លងមក កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងអាស៊ាន ស្ពីពីពាណិជ្ជកម្មកម្ពុជាតាមប្រព័ន្ធអេឡិចត្រូនិកនេះ ឱ្យមានប្រសិទ្ធភាព , ជាក់ស្ដែងកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ និងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ានស្ពីពីពាណិជ្ជកម្មកម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







