ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានដាក់តម្កល់លិខិតុបករណ៍ចូលទៅកាន់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ធ្វើជាភាគីអនុសញ្ញាទីក្រុងប៊ែន ការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ នៅកម្ពុជា និងជាអន្តរជាតិ និងបានចុះអនុស្សរណៈយោគយល់គ្នា រវាងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញារបស់កម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពីការអនុវត្តផែនការរបស់កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស។

ការដាក់តម្កល់លិខិតតុបករណ៍ និងចុះអនុស្សរណៈខាងលើនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១, ដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានបញ្ជាក់ថា ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ២០១៩-២០២៣ និងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំងលើកតម្កើងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌអន្តរជាតិ តាមរយៈគោលការណ៍បដិការនៃកិច្ចការពារជាមួយប្រទេសចំនួន១៧៩ ដែលជាភាគីនៃអនុញ្ញាទីក្រុងប៊ែន។

ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាផងដែរនោះ បានថ្លែងទៀតថា គោលនយោបាយជាតិកម្មសិទ្ធិបញ្ញា និងការធ្វើជាភាគីអនុសញ្ញាទីក្រុងប៊ែន ជាសក្ខីភាពមួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងអនុវត្តកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមក្របខ័ណ្ឌអន្តរជាតិ សំដៅដល់ការចូលរួមក្នុងសាកលភាវូបនីយកម្ម និងពហុភាគីនិយមបន្ថែមទៀតទៅលើបញ្ហាកម្មសិទ្ធិបញ្ញា។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងសង្កត់ធ្ងន់ថា យើងសូមង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈអនុស្សរណៈនៃការយោគយល់ស្ដីពីកម្មសិទ្ធិបញ្ញានេះ នឹងចូលរួមពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ឱ្យក្លាយទៅជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់ កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់កម្ពុជា ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញានៅកម្ពុជា និងនៅលើឆាកអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













