ភ្នំពេញ៖ កសិករមួយក្រុមនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបង្ខំចិត្តលក់ដីស្រែចំការ ដោយសារកម្ពស់ទឹកសមុទ្រឡើងញឹកញាប់ ធ្វើឲ្យប៉ះពាល់ដល់ផលដំណាំ និងស្រែចំការរបស់ពួកគាត់។
កសិករទាំងនោះយល់ថា ការបង្កើតក្រុមហ៊ុនឯកជន (កសិដ្ឋានចិញ្ចឹមបង្កង) នៅក្បែរនោះ គឺជាមូលហេតុសំខាន់ ដែលនាំឲ្យទឹកសមុទ្រជ្រាបចេញពីកសិដ្ឋានចិញ្ចឹមបង្គា ហូរមកចូលក្នុងស្រែចំការរបស់ពួកគាត់ ធ្វើឲ្យខូចខាតផលដំណាំ ហើយពេលនេះ ចំនួនកសិករ ដែលបន្តធ្វើស្រែចំការមានចំនួនតែ៤០% ទៅ៥០% ប៉ុណ្ណោះ ខណៈកសិករដ៏ទៃទៀត សម្រេចចិត្តលក់ដីឲ្យក្រុមហ៊ុនឯកជន។
កសិករឈ្មោះ មួង រិន បានប្រាប់អោយដឹងថា គាត់ធ្វើស្រែតាំងពីឆ្នាំ ១៩៨៤ ហើយនៅពេល ដែលទឹកសមុទ្រចាប់ផ្តើមហូរចូលស្រែរបស់គាត់ គាត់ត្រូវបង្ខំចិត្តលក់ដីរបស់គាត់។ ជាមួយគ្នានេះ អនុប្រធានសហគមន៍នេសាទ លោក ឃុន រុន មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យទឹកសមុទ្រឡើងខុសពីធម្មតា និងហូរចូលតំបន់ទឹកសាបជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យខូចខាតដំណាំស្រូវ របស់កសិករ។
បន្ថែមពីលើនេះទៅទៀត ទ្វារទំនប់វារីអគ្គិសនី ក៏មានសភាពចាស់ទ្រុឌទ្រោម និងបង្ករអោយទឹកប្រៃ ជ្រៀបចូលទៅក្នុងស្រែផងដែរ៕ ប្រភព៖ A24