ខេត្តកណ្ដាល ៖ យោងតាមពាក្យប្តឹងរបស់នារីម្នាក់ នគរបាលស្រុកមុខកំពូល ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលចាប់រំលោភនាងកំពុងងូតទឹកពាង កាលពីម៉ោង៦ល្ងាច ថ្ងៃទី២២ ខែមេសា នៅចំណុចក្បែរពាងទឹក ស្ថិតក្នុងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ។
មន្ត្រីនគរបាលស្រុកមុខកំពូល បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហន ហាន អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ នៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ចំណែកនារីរងគ្រោះអាយុ១៨ឆ្នាំ ។
នគរបាលបានឱ្យដឹងបន្ថែមថា មុនកើតហេតុល្ងាចថ្ងៃទី២១នោះ នារីរងគ្រោះ បានចងពុងសារុងមុជទឹកពាង នៅមុខផ្ទះដូនជីរបស់នាង បន្ទាប់មកក៏អង្គុយដុសធ្មេញ ស្រាប់តែជនសង្ស័យបានយកសំពត់ងូតរបស់ព្រះសង្ឃបត់ជាបួនមកគ្របលើក្បាល ហើយយកដៃខ្ទប់មាត់នឹងរឹតកក្នុងបំណងចាប់រំលោភ ប៉ុន្តែជនរងគ្រោះបានវ៉ៃពាងទឹក និងរើបម្រះដួល លើភក់នៅកន្លែងងូតទឹក ធ្វើឲ្យនាងដួលរងរបួសក្បាលជង្គង់ និងបែកមាត់ ហើយក្នុងពេលកំពុងប្រតាយប្រតប់គ្នា ជីដូនរបស់នារីរងគ្រោះ បានមកទាន់ ឃើញជនសង្ស័យកំពុងបីត្រកងនារីរងគ្រោះ ក្នុងបំណងយកទៅរំលោភ គាត់ក៏ស្រែកថា ចោរៗដើម្បីឲ្យអ្នកជិតខាងមកជួយអន្តរាគមន៍។ ជនសង្ស័យបានទម្លាក់នារីរងគ្រោះចុះ ហើយរត់គេចខ្លួន។ ក្រោយពីកើតហេតុនារីរងគ្រោះ និងជីដូន បាននាំគ្នាទៅផ្ទះលោកមេឃុំ ដើម្បីដាក់ពាក្យប្តឹង តែលោកមេឃុំមិននៅ ក៏ផ្តាំប្រពន្ធមេឃុំថា ព្រឹកស្អែកឱ្យលោកមេឃុំទៅជួបនៅវត្ត។ លុះព្រឹកឡើងថ្ងៃទី២២ មេសានេះ លោកមេឃុំ បានទៅកន្លែងកើតហេតុ ជួបជីដូន និងនារីរងគ្រោះរួចរាយការណ៍ឱ្យលោកមេបប៉ុស្តិ៍។ ក្រោយបានទទួលព័ត៌មាន នៅព្រឹកថ្ងៃទី២២ខែមេសា សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានទៅនាំខ្លួនជនសង្ស័យមកសាកសួរ។ ស្ថិតក្នុងដំណាក់កាល់សមត្ថកិច្ចនគរបាល ជនសង្ស័យសារភាពថា ពិតជាបានចាប់នារីរងគ្រោះប៉ងរំលោភសេពសន្ថវៈពិតប្រាកដមែន។ នគរបាលស្រុក សហការជាមួយប៉ុស្តិ៍ បានកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕ បញ្ញាស័ក្តិ