សៀមរាប៖ វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប បានរងគ្រោះធ្ងន់ធ្ងរជាងគេ ក្នុងវិបត្តិកូវីដ១៩ ដែលក្នុងនោះ វិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានបិទដំណើរការស្ទើរតែ១០០%។ ប៉ុន្តែបច្ចុប្បន្ននេះ គ្រប់ផ្នែកទាំងអស់ ដូចជាសេវាកម្មអាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ បានបើកដំណើរការឡើងវិញហើយ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យដំណើរឡើងវិញលើគ្រប់វិស័យ ដែលជាផ្នែកមួយ ជួយជំរុញវិស័យសេដ្ឋកិច្ចជាតិ ឱ្យកាន់តែល្អប្រសើរនាពេលឆាប់ៗខាងមុខនេះ។
លោក ង៉ូវ សេងកាក់ ជាប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨.០០០បន្ទប់ គឺបានបើកដំណើរការជាផ្លូវការវិញហើយ ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ។
លោកបន្តថា ផ្ទះសំណាក់ និងសណ្ឋាគារ បានបើកដំណើរការឡើងវិញនេះ ដោយសារភ្ញៀវទេសចរ ចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តសៀមរាបជាបណ្តើរៗ។ លោកបន្តទៀតថា នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ មានភ្ញៀវទេសចរមកម្សាន្ត ប្រមាណ ៦០០០នាក់ ជារៀងរាល់សប្តាហ៍។
គួរបញ្ជាក់ថា បើតាមការជូនដំណឹងរបស់ភ្នាក់ងារអាកាសចរណ៍កម្ពុជា កាលពីពេលថ្មីៗនេះ កម្ពុជាមានជើងហោះហើរចំនួន ២ខ្សែ គឺសាំងហ្កាពួ អ៊ែឡាញ និងម៉ៃអ៊ែឡាញ នឹងដឹកភ្ញៀវទេចរចូលមកខេត្តសៀមរាប៕