Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកនឹងបន្តរឹតបន្តឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់

កាសែតអាមេរិក the Wall Street Journal បានអះអាងថា រដ្ឋបាលលោកចូ បៃដិន កំពុងតែបន្តសកម្មភាពប៉ុនប៉ងរបស់ខ្លួនបន្ថែមទៀត ទៅក្នុងកិច្ចការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដោយអាមេរិកក៏មានបំណងពង្រឹងការការអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់ទៅលើសាធារណរដ្ឋអ៊ីស្លាមមួយនេះផងដែរ។

មន្ត្រីក្រសួងការបរទេសអាមេរិកបានថ្លែងថា គណៈប្រតិភូមួយក្រុមនឹងចាកចេញទៅកាន់ប្រទេសអារ៉ាប់រួម ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ដើម្បីធ្វើការព្រមានធនាគារនៅ UAE(អារ៉ាប់រួម) ដែលមិនគោរពតាមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់។

ក្នុងនោះ មន្ត្រីក្រសួងការបរទេសអាមេរិកដែលបានថ្លែងទៅកាន់កាសែត Wall Street Journalខាងដើមក៏បានបន្ថែមទៀតថា ប្រសិនបើគ្មានការរីកចម្រើនណាមួយ​ចំពោះកិច្ចពិភាក្សានេះទេ នោះដំណើរទស្សនកិច្ចទៅកាន់ UAEនេះនឹងក្លាយជាលើកដំណើរទស្សនកិច្ចជាលើកដំបូងនៅក្នុងដំណើរទស្សនកិច្ចជាបន្តបន្ទាប់ទៅកាន់ប្រទេសផ្សេងទៀតដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ ក្នុងគោលបំណងដើម្បីបង្កើនសម្ពាធទៅលើទីក្រុងតេអេរ៉ង់ និងអនុវត្តទណ្ឌកម្ម រួមទាំងម៉ាឡេស៊ី ទួរគី និងចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីរ៉ង់ផងដែរ។

ជំហរកាន់តែតានតឹងរបស់រដ្ឋបាលលោក ចូ បៃដិន ទៅលើប្រទេសអ៊ីរ៉ង់កើតមានឡើង នៅពេលដែលកិច្ចចរចានៅក្នុងទីក្រុងវីយែន ពាក់ព័ន្ធនឹងការជុំវិញកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមបានជាប់គាំងម្តងទៀត បន្ទាប់ពីបានបន្តឡើងវិញកាលពីសប្តាហ៍មុន។

ដោយឡែកកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចេញមកចោទប្រកាន់អ៊ីរ៉ង់ដែលនិយាយថា “វាមិនធ្ងន់ធ្ងរនោះទេ” ចំពោះការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ។លោក Blinken បានលើកឡើងថា ៖«អ្វីដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺថា អ៊ីរ៉ង់នៅពេលនេះ ហាក់បីដូចជាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរ ចំពោះការធ្វើសកម្មភាពដែលចាំបាច់ដើម្បីត្រឡប់ទៅការអនុលោមតាមច្បាប់នោះទេ ដែលនេះជាមូលហេតុមួយដែលតម្រូវឱ្យយើងបានបញ្ចប់ការចរចានេះនៅក្នុងទីក្រុងវីយែន។»

រដ្ឋមន្ត្រីការបរទេសរូបនេះ បានព្រមានថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់អូសទាញដំណើរការនេះបានឡើយ ខណៈពេលដែលខ្លួនកំពុងបន្តជំរុញកម្មវិធីនុយក្លេអ៊ែរ។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តរកជម្រើសផ្សេងទៀត ប្រសិនបើជម្រើសការទូតបរាជ័យ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប់រួមលោក Benny Gantz បានចេញដំណើរកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោកនឹងធ្វើការជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ។ ក្នុងនោះ ការ​គំរាម​កំហែង​របស់​អ៊ីរ៉ង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ប្រធានបទ​ដ៏សំខាន់មួយ​នៃ​ការ​ពិភាក្សា​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក Gantz៕ ប្រភព៖ Israel National News

×