ជប៉ុនគឺជាប្រទេសដំបូងដែលបានអនុវត្តវិធីសាស្ត្រធ្វើតេស្តទឹកនោមដើម្បីរកឃើញជំងឺមហារីក ។ កាលពីពីរឆ្នាំមុនសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Hitachi បានអនុវត្តបច្ចេកវិទ្យាគ្រឹះដើម្បីរកឃើញជំងឺមហារីកសុដន់ និងជំងឺមហារីកពោះវៀនតាមរយៈការធ្វើតេស្តទឹកនោម។
ឥឡូវនេះ Hitachi បានសហការជាមួយសកលវិទ្យាល័យ Nagoya នៅតំបន់កណ្តាលប្រទេសជប៉ុន ដើម្បីចាប់ផ្តើមធ្វើតេស្តសាកល្បង ដែលអូសបន្លាយរយៈពេល ៩ខែ ។ អ្នកនាំពាក្យនៃសម្ព័ន្ធក្រុមហ៊ុន Chiharu Odaira លើកឡើងថា ប្រសិនបើវិធីសាស្ត្រនេះអាចយកទៅបម្រើក្នុងការងារវេជ្ជសាស្ត្រជាក់ស្តែងនោះ វានឹងជួយដល់ប្រជាជនងាយទទួលបានការធ្វើតេស្តត្រួតពិនិត្យជំងឺមហារីក ដោយពុំចាំបាច់ចំណាយលុយកាក់ និងពេលវេលាច្រើន ។
អ្នកនាំពាក្យដដែលអះអាងថា បច្ចេកវិទ្យាថ្មីកំពុងត្រូវបានយកទៅបម្រើការនៅអំឡុងឆ្នាំ ២០២០ ខាងមុខ។
បច្ចេកវិទ្យារបស់ Hitachi គឺការប្រមូលផ្តុំ និងវិភាគទិន្នន័យជីវសាស្ត្រជួយឲ្យគេរកឃើញជំងឺកាចសាហាវនេះបានយ៉ាងឆាប់រហ័ស ៕ លីសា