ថ្នាំកម្ចាត់សត្វល្អិត ដែលត្រូវបានគេលាយឲ្យរាវរាប់រយដប ត្រូវបានបន្តោកហើយចាក់បញ្ចូលទៅក្នុងដើមលាភនៅប្រទេសឥណ្ឌា ដើម្បីទប់ទល់នឹងការលុកលុយរបស់ហ្វូងកណ្តៀរ ។
ដើមលាភនេះគេឲ្យឈ្មោះថា (Pillalamari ឬ Peerla Marri) វាជាដើមលាភមានអាយុកាល ៧០០ឆ្នាំ នៅ Mahabubnagar រដ្ឋ Telangana គ្របដណ្តប់លើផ្ទៃដីជាង ១២.០០០m² ។ នេះជាដើមលាភធំលំដាប់ទី ២ ពិភពលោក ហើយក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរមួយឥណ្ឌា ។ ប៉ុន្តែអាស្រ័យដោយមានវ័យចំណាស់ពេក ដើមលាភនេះកំពុងរងការវាយប្រហារពីពួកកណ្តៀរ ធ្វើឲ្យមែកខ្លះត្រូវកណ្តៀរស៊ីឡើងពុកផុយ។ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៧ គេបានសំណូមពរមិនឲ្យប្រជាជនចូលកៀកដើមលាភនេះទៀត ដើម្បីទុកឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វះស្វែងរកវិធីសង្គ្រោះវា ។
តាម Odity Central ដំបូងឡើយក្រុមអ្នកជំនាញការបានចាក់បញ្ចូលថ្នាំសម្លាប់សត្វល្អិតដ៏ខ្លាំងមួយឈ្មោះថា Chlorpyrifos ចូលទៅក្នុងរន្ធដែលកណ្តៀរកំពុងស៊ីលើដើម ប៉ុន្តែពុំមានប្រសិទ្ធភាពឡើយ ។ អាស្រ័យហេតុនេះពួកគេសម្រេចចិត្តបញ្ចូលវាដោយផ្ទាល់បន្តិចម្តងៗ ដោយព្យួរស្បោងផ្ទុក Chlorpyrifos លើមែកឈើ រួចបន្តោកខ្សែបញ្ចូលទៅក្នុងដើមតែម្តង ។ វិធីសាស្ត្របានបង្ហាញថា មានប្រសិទ្ធភាព ។ ភ្នាក់ងាររុក្ខកម្ម Chukka Ganga Reddy បានប្រាប់ Times of India ៖ “យើងខ្ញុំបានយកថ្នាំ Chlorpyrifos មកលាយឲ្យរាវ ហើយបាញ់បញ្ចូលទៅក្នុងរន្ធលើដើមឈើ តែគ្មានប្រយោជន៍ ។ ក្រោយមកយើងខ្ញុំបានបញ្ចូលវាផ្ទាល់ទៅក្នុងដើមទាំងមូល ដូចគ្នានឹងការបញ្ចូលសេរ៉ូមទៅក្នុងសរីរាង្គមនុស្សអីចឹង ។
ការបញ្ចូលថ្នាំសម្លាប់សត្វល្អិតនេះ តាមវិធីបន្តោកសេរ៉ូមចាប់ផ្តើមបង្ហាញប្រសិទ្ធភាពក្នុងចន្លោះពេលពី ១០-១៤ម៉ោង ។
រូបភាពព្យាបាល “អ្នកជំងឺចម្លែក” ទាំងនោះត្រូវបានបង្ហោះលើបណ្តាញសង្គមធ្វើឲ្យគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវិធីសម្លាប់កណ្តៀរបែបនេះ បែរជាមានប្រសិទ្ធភាពទៅវិញ។
លោក Reddy ពោលថា ពេលនេះស្ថានភាពរបស់ដើមលាភមានស្ថិរភាពហើយ យើងខ្ញុំសង្ឃឹមថា ប៉ុន្មានថ្ងៃទៀតវានឹងជាសះស្បើយ ហើយយើងនឹងបើកទ្វារកន្លែងនេះជូនភ្ញៀវទេសចរមកទស្សនាកម្សាន្ត ។ ប៉ុន្តែលើកនេះភ្ញៀវទេសចរ ត្រូវឈរពីក្រៅរបងដើម្បីគយគន់ ៕ ចន្ទ្រា