ពិតជារឿងដ៏មិននឹកស្មានដល់ និងក៏សូមសរសើរជាខ្លាំង គ្រាដែលក្មេងប្រុសម្នាក់អាយុទើបតែ ៧ ឆ្នាំ ទេ តែចិត្តខ្លាំង ក្លាហានហ៊ានជិះកង់ទាំងកណ្តាលយប់ស្ងាត់តែឯង ចាកចេញពីផ្ទះរហូតចម្ងាយផ្លូវ ១០ គីឡូ ព្រោះរូបគេខឹងយាយតាស្តីបន្ទោសឲ្យ។
នេះបើតាមបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ កាយ ដារ៉ា ដែលបានជួបក្មេងប្រុសរូបនេះតាមផ្លូវ កាលពីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ បាន Live វីដេអូឲ្យដឹងថា ពួកគាត់បានប្រទះឃើញក្មេងប្រុសចិត្តខ្លាំងរូបនេះ បានកំពុងជិះកង់តែឯងទាំងកណ្តាលយប់ តាំងពីម្តុំព្រៃអញ្ចាញ។ ដោយមានការព្រួយបារម្ភពីសុវត្ថិភាពតាមផ្លូវ ពួកគាត់ក៏បានសួរនាំ តែរូបគេមិនឆ្លើយអ្វីសោះឡើយ ហើយសូម្បីសុំអោយឈប់កង់ក៍មិនឈប់ដែរ ដោយគិតតែពីជិះទៅមុខរហូត។
តែទោះយ៉ាងណា នៅទីបំផុត ពួកគាត់ក៏បានព្យាយាមនិយាយលួងលោម ទើបរូបគេឈប់កង់ នៅមុខវត្តក្តីចាស់ និងបានប្រាប់ទាំងអារម្មណ៍ក្នុងចិត្តពោរពេញដោយកំហឹងថា រូបគេខឹងម៉ាកុង ទើបសម្រេចចិត្តជិះកង់ចាកចេញពីផ្ទះ សំដៅទៅរកប៉ាម៉ាក់របស់គេ នៅឯភ្នំពេញ។
បន្ទាប់មក ក្រុមបុរសចិត្តធម៌ខាងលើ ក៏បាននាំយកក្មេងប្រុសរូបនេះ ទៅកាន់ប៉ុស្តិ៍បាក់ខែង ដើម្បីរង់ចាំសាច់ញាតិ ម៉ាក់ប៉ារបស់គេ មកយកទៅផ្ទះវិញ។ តែយ៉ាងណាមិញ អ្វីដែលគួរឲ្យកោតសរសើរជាខ្លាំងនោះ គឺនៅពេលមកដល់ប៉ុស្តិ៍ ពួកគាត់ក៏បានឆុងមីកំប៉ុងឲ្យញ៉ាំ ហើយប៉ូលីសចិត្តធម៌ក៏បានជូនលុយចំនួន ១០ ម៉ឺនរៀលផងដែរ។
បើតាមលោកយាយរបស់គេ បានប្រាប់ប៉ូលីសថា គាត់ពុំបានស្តីបន្ទោសឲ្យទេ ប៉ុន្តែ ប្រហែលខឹងតាស្តីឲ្យ ទើបជារូបគេជិះកង់ចេញពីផ្ទះទាំងយប់ដ៏មិននឹកស្មានបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













