នេះជារឿងដ៏ភ្ញាក់ផ្អើលទៀតហើយ គ្រាដែលអ្នកទោស ៩ នាក់ បានរត់គេចខ្លួនដោយជោគជ័យ ពីពន្ធនាគារខេត្ត Nakhon Pathom ប្រទេសថៃ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនជាប់ឃុំទាំងនោះ គឺជាប់ពាក់ព័ន្ធករណីលួច និងគ្រឿងញៀន។
លោកវរសេនីយ៍ទោ ថានីសន ឯករ៉ាតាណាត មកពីប៉ុស្តិ៍នគរបាល សំ ក្វៃភឿក ខេត្តណាខនផាថម បានទទួលសេចក្តីជូនដំណឹងពីស្ថានីយ៍វិទ្យុ ១៩១ នៃពន្ធនាគារ ថា មានអ្នកទោសបានរត់គេចខ្លួនកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ដោយអ្នកទោសទាំងនោះដែលមានអាយុចន្លោះ ១៨ ឆ្នាំ ដល់ ៤៣ ឆ្នាំ គឺទើបតែចូលពន្ធនាគារ ហើយត្រូវបំបែកចេញតាមវិធានការសុវត្ថិភាព Covid-19។
តាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញថា អ្នកទោសបានប្រើផ្លែរណារដើម្បីកាត់ចម្រឹងទ្វា។ បន្ទាប់មក ពួកគេក៏នាំគ្នាផ្លោះចេញរួចឡើងលើរបងបន្លាលួសពន្ធនាគារ រត់ចេញតាមផ្លូវដោយសុវត្ថិភាព។ ផ្លែរណារបានបន្សល់ទុកនៅក្បែរបន្ទប់ទឹកក្នុងពន្ធនាគារផងដែរ។ កាមេរ៉ាសុវត្ថិភាពក៏ថតបានអ្នកទោសកំពុងរត់គេចខ្លួននៅលើផ្លូវខាងក្រៅពន្ធនាគារនៅវេលាម៉ោង២ និង០៨នាទី ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។
អ្នកទោស ២ នាក់ ដែលមានឈ្មោះ ឯក ការ៉ាត់ អាយុ១៨ឆ្នាំ និងណាតកន អាយុ២៤ឆ្នាំ ត្រូវបានចាប់ខ្លួនមកវិញ បានអះអាងថា ពួកគេបានរៀបចំផែនការរត់គេចខ្លួនអស់រយៈពេល ២ សប្តាហ៍។ ពួកគេបានឲ្យដឹងទៀតថា ពួកគេត្រូវបានបំបែកជាផ្នែកនៃវិធានការសុវត្ថិភាព Covid-19 ហើយនៅថ្ងៃទី២០ ខែធ្នូ ខាងមុខ ក្រុមគេនឹងត្រូវបានគេសន្មត់ថានឹងផ្លាស់ទៅពន្ធនាគារធំ។ មូលហេតុនៃការរត់គេចខ្លួននេះ ដោយសារតែអ្នកទោសវ័យចំណាស់ បានប្រាប់ពួកគេថា ដោយសារតែពួកគេធ្លាប់មានរឿងក្តីកន្លងមក ហេតុនេះពួកគេនឹងត្រូវទទួលទោសជាប់ពន្ធនាគារយ៉ាងតិច ៥-៦ ឆ្នាំ ទើបពួកគេរួមគំនិតគ្នា គាស់គុករត់ចេញតែម្តងទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







