ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ (LOBA) និង វិទ្យាស្ថានបច្ចេកវិទ្យាដឹកជញ្ជូនវិជ្ជាជីវៈណានជីង របស់ចិន តាមប្រព័ន្ធអនឡាញ ដើម្បីធ្វើឱ្យការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងមានភាពប្រសើរឡើង។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ លោក ជា ចាន់ដារ៉ា បានមានប្រសាសន៍ថា ទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បាននាំមកនូវទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនលើការទំនាក់ទំនង ការសិក្សា ស្រាវជ្រាវ ទេសចរណ៍ ប្រពៃណី និងវប្បធម៌។
លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសកម្ពុជា និងចិន ជាចំណុចល្អបំផុត ដែលនឹងធ្វើឱ្យអ្នកវិនិយោគចិន កាន់តែច្រើនមកបណ្តាក់ទុនច្រើននៅកម្ពុជា។ ត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយនឹងកើនឡើងទ្វេដង និងបីដង បន្ទាប់ពីគ្រប់វិស័យទាំងអស់ត្រូវបានបើកដំណើរការឡើងវិញ។
លោកប្រធានសមាគម បានលើកឡើងដែរថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលនាំចូលទំនិញជាច្រើនប្រភេទ ដូចជា៖ សម្ភារៈសំណង់ សម្ភារៈសម្រាប់ស្បែកជើង និងសម្លៀកបំពាក់ ម្ហូបអាហារ និងផលិតផលចាំបាច់មួយចំនួន ដែលត្រូវការផលិតសម្រាប់នាំចេញ និងលក់ក្នុងស្រុក។ ចំពោះផលិតផលជាច្រើន ក៏នាំចូលពីប្រទេសចិនមកកម្ពុជាដែរ។ លោកបន្ថែមថា កម្ពុជាមានផលិតផលចម្រុះ ហើយព្យាយាមពង្រឹងខ្លួនយើង ដើម្បីបង្កើនការនាំចេញ ជាពិសេសផលិតផលកសិកម្ម ដោយរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងខ្លាំង។
គួរបញ្ជាក់ថា បើតាមប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ការចុះហត្ថលេខា MoU នៅថ្ងៃនេះ ក៏នឹងតំណាងឱ្យការប្តេជ្ញាចិត្ត របស់ភាគីទាំងពីរ ក្នុងការសម្របសម្រួលអ្នកវិនិយោគ ក្នុងការជួបផ្ទាល់ និងផ្លាស់ប្តូរផលិតផលដោយការនាំចូល និងនាំចេញ ដែលជាតម្រូវការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕