ប្រភពព័ត៌មានថ្មីបំផុតពីប៉ូលិសទីក្រុង Toronto របស់កាណាដាឲ្យដឹងថា អ្នកបើកបររថយន្តដែលបង្កការបើកបំបុកលើមនុស្សកាលពីល្ងាចថ្ងៃទី ២៣ ខែមេសា ម្សិលមិញនេះ បានត្រូវចាប់ខ្លួន ។ រីឯចំនួនអ្នកស្លាប់និងរបួសក្នុងករណីគួរឲ្យតក់ស្លុតនេះ បានឡើងដល់ ២៥នាក់ ក្នុងនោះមាន៩នាក់ស្លាប់ ១៦នាក់រងរបួស ដែលមាន ៧នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។
កងកម្លាំងសង្គ្រោះបានសម្រុកទៅកាន់កន្លែងកើតហេតុ ។
ប៉ូលិសឲ្យដឹងថា រថយន្តដឹកជញ្ជូនពណ៌សបានបើកបំបុកលើហ្វូងមនុស្សដែលកំពុងធ្វើដំណើរថ្មើរជើង នៅវិថី Yonge នាតំបន់ North York ដែលចំពេលសម្រាកថ្ងៃត្រង់ ។
តាមខ្សែវីដេអូរបស់ប៉ូលិសនិងសាក្សីមួយចំនួននោះ ឧក្រិដ្ឋជនបានបើករថយន្តបំបុកលើហ្វូងមនុស្ស ហើយស្រែកខ្លាំងៗថា “ចូរសម្លាប់ខ្ញុំទៅ” ហើយ “ចូរបាញ់ឲ្យចំក្បាលខ្ញុំ” ។
រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពកាណាដា Ralph Goodale បានបើកសន្និសីទព័ត៌មាននាល្ងាចថ្ងៃដដែល ដោយបដិសេធពុំលើកឡើងថា ករណីនេះមានចំណងទាក់ទងជាមួយអំពើភេរវកម្មនៅឡើយទេ ដោយហេតុថាពុំទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋាន។ ក្នុងពេលនោះដែរស្នងការប៉ូលិស Toronto Peter Yuen ឲ្យដឹងថា រថយន្តនិងអ្នកបើកបរត្រូវបានឃាត់ទុក ប៉ុន្តែដើម្បីវាយតម្លៃពីមូលហេតុនាំឲ្យមានទង្វើបែបនេះទាមទារពេលវេលាធ្វើការស៊ើបអង្កេត។
គួរកត់សម្គាល់ថា ករណីបើករថយន្តបំបុកនេះបានប្រព្រឹត្តទៅខណៈពេលនៅ Toronto សន្និសីទប្រមុខការទូត និងសន្តិសុខ G7 បានបើកប្រជុំ ហើយបញ្ហាប្រឆាំងភេរវកម្មគឺជាខ្លឹមសារមួយស្ថិតក្នុងរបៀបវារៈស្ថិតក្នុងអង្គប្រជុំមួយ ៕ សូយន