សហសេវិកនាវាដឹកទំនិញរបស់ចក្រភពអង់គ្លេសចំនួន២នាក់ ត្រូវបានរកឃើញថា បានល្មើសច្បាប់ជាមួយនឹងការប្រើប្រាស់គ្រឿងញឿននិងការប្រើប្រាស់គ្រឿងស្រវឹង បន្ទាប់ពីនាវាមួយនេះបាន បុកគ្នាជាមួយកប៉ាល់របស់ប្រទេសដាណឺម៉ាកនាសមុទ្រប៉ាល់ទិច ដោយមនុស្សម្នាក់បានស្លាប់កាលពីថ្ងៃចន្ទ។ នេះបើតាមការបញ្ជាក់ពីម្ចាស់នាវាចក្រភពអង់គ្លេស។
ក្នុងបរិយាកាសចុះអ័ព្ទនិងងងឹតថែមទៀត កប៉ាល់ឈ្មោះ Karin Hoj ប្រវែង៥៥ម៉ែត្របានក្រឡាប់លិចចូលទៅក្នុងសមុទ្រ នៅពេលដែលវាបានបុកជាមួយនឹងនាវា Scot Carrier កាលពីព្រឹកថ្ងៃចន្ទ ចម្ងាយប្រមាណ៩០ ម៉ែត្រពីកោះ Bornholm។ ម្នាក់ក្នុងចំណោមសមាជិកនាវិកពីរនាក់របស់នាវាដាណឺម៉ាកដែលត្រូវបានក្រឡាប់នោះ គេប្រទះឃើញថាស្លាប់នៅក្នុងសមុទ្រ ខណៈសមាជិកនាវិកម្នាក់ទៀតកំពុងតែបាត់ខ្លួននៅឡើយ។
ក្នុងនោះ អាជ្ញាធរអយ្យការស៊ុយអែតបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតបឋមកំពុងដំណើរការលើឧក្រិដ្ឋកម្មដែលគេសង្ស័យជាច្រើនជុំវិញ ការធ្វេសប្រហែសទាំងស្រុងក្នុងចរាចរណ៍ផ្លូវសមុទ្រ បណ្តាលឱ្យមានមនុស្សស្លាប់ ដោយការធ្វេសប្រហែស និងការប្រើប្រាស់ស្រវឹងក្នុងសមុទ្រជាដើម។
សេចក្តីថ្លែងការណ៍បន្តថា ជនជាតិអង់គ្លេស និងក្រូអាតម្នាក់ត្រូវបានចាប់ខ្លួន។ ប៉ុន្តែអ្វីបន្ថែមពីនេះទៀត គឹនៅទាន់មិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមបានទេ ដោយសារតែលក្ខណៈបឋមនៃការស៊ើបអង្កេត។
ទន្ទឹមនេះ Scotline ដែលជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន Scot ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទថា ៖«ស្របតាមនីតិវិធីស្តង់ដារ សមាជិកនាវិកទាំងអស់នៃក្រុមហ៊ុនដឹកជញ្ជូន Scot ត្រូវបានធ្វើតេស្តរកសារធាតុញៀន និងគ្រឿងស្រវឹង ដោយមានសមាជិកនាវិកពីរនាក់លើសពីដែនកំណត់ច្បាប់។»ក្រុមហ៊ុនខាងដើមបន្តថា ខ្លួនមានគោលនយោបាយតឹងរ៉ឹងចំពោះការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង និងគ្មានការអត់ឱនចំពោះការរំលោភបំពានណាមួយឡើយ៕ ប្រភព៖ WTVB News