Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបង្កជម្លោះរវាងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin កាលពីថ្ងៃអង្គារបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបង្កជម្លោះរវាងប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហិ្វក។ ការលើកឡើងរបស់លោក Wang ធ្វើឡើងក្រោយតែមួយម៉ោងប៉ុណ្ណោះ​ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បង្ហាញក្តីព្រួយបារម្ភជុំវិញសកម្មភាពឈ្លានពានរបស់ប្រទេសចិននៅក្នុងតំបន់ អំឡុងពេលលោកធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី។

ក្នុងសុន្ទរកថានាទីក្រុងហ្សាកាតាកាលពីថ្ងៃអង្គារ លោក Blinken ក៏បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនចង់បង្កជម្លោះក្នុងតំបន់អាស៊ីនោះទេ ហើយសហរដ្ឋអាមេរិកនឹងធានាឱ្យបាននូវការប្រកួតប្រជែងជាមួយប្រទេសចិនដោយមិនបង្កជម្លោះ«គ្រោះមហន្តរាយ»ឡើយ។

ដោយអះអាងថា ខ្លួននឹងដើរតួនាទីស្ថាបនាសន្តិភាព និងការអភិវឌ្ឍនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ភាគីអាមេរិកគួរតែបញ្ឈប់ការគូសបន្ទាត់មនោគមវិជ្ជា ដោយកាត់ជារង្វង់តូចៗ និងឧបាយកលសម្រាប់ការប្រឈមមុខដាក់គ្នាជាក្រុម។​ នេះបើតាមការលើកឡើងរបស់លោក Wang ។

លោកក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកគោរពកិច្ចខិតខំប្រឹងប្រែងដែលចិន និងសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានធ្វើក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង និងបញ្ឈប់ការវាយលុករបស់ខ្លួនដោយការបញ្ជូននាវាចម្បាំង និងយន្តហោះទៅកាន់តំបន់សមុទ្រចិនខាងត្បូងជាដើម។

លោក Wang បាននិយាយថា ៖«សហរដ្ឋអាមេរិកគួរតែជាអ្នកជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជំនួសឱ្យអ្នកបង្កបញ្ហា ដែលជំរុញឱ្យមានជម្លោះរវាងប្រទេសក្នុងតំបន់ និងធ្វើឱ្យខូចដល់ឯកភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់”៕

ប្រភព៖ CGTN

×