ភ្នំពេញ៖ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA) បានចូលរួមវិនិយោគលើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងទឹកប្រាក់ ៣០លានដុល្លារបន្លែម ទៅលើការទិញមូលបត្របំណុល (Bond) របស់ក្រុម Cambodia Airport Investment Co., Ltd (CAIC) ជាក្រុមហ៊ុន ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិ ក្នុងការកាន់កាប់ រចនាប្លង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការ គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ។
ការចូលរួមទឹកប្រាក់វិនិយោគ ដែលទទួលបានពីការទិញសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។
បើយោងតាមក្រុមហ៊ុន CAIC បានឲ្យដឹងថា គិតមកដល់ពេលនេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ២៨ភាគរយហើយ ត្រូវនឹងទឹកប្រាក់ ៣៧៥លានដុល្លារ ដែលចំនួននេះ មិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចហើយ ដោយក្រុមហ៊ុននោះទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងឱកាសអញ្ជើញពិនិត្យដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីពេលថ្មីៗ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុន CAIC ដោយសម្តេចតេជោ បានបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលរួមដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុនពីក្រៅប្រទេស ហើយគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យស្មើសូន្យ ពីរាជរដ្ឋាភិបាលផងដែរ៕