ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ មកពីភូមិខ្សឹម ភូមិក្រញូងសែនជ័យ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ (ស្នាក់នៅវត្តសាមគ្គីរង្សី) មកដង្ហែញត្តិ យកទៅដាក់ជូននៅខុទ្ទកាល័យសម្ដេចតេជោ ដើម្បីសុំសម្តេចជួយអន្តរាគមន៍ រឿងដីធ្លីរបស់ពួកគាត់។
ក្បួនដង្ហែដាក់ញត្តិរបស់ប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនៅម៉ោង៣និង៣០នាទីរសៀលថ្ងៃចន្ទទី២៣ ខែមេសា ឆ្នាំ២០១៨ ម៉ោង ១៥:៣៥នាទី នៅមុខវត្តបទុមវតី ផ្លូវស៊ូស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
នៅម៉ោង៣និ៤០នាទីថ្ងៃដដែលនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកសុង លី ស្នងការរងរាជធានី បានចុះមកធ្វើការសម្របសម្រួល ដោយបានអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋចំនួន៥នាក់ ចូលជួបនៅស្នាក់ការនៅក្រោមដើមពោធិមុខវត្តបទុមវតី ហើយអាជ្ញាធរបានស្នើឲ្យពលរដ្ឋត្រឡប់ទៅស្រុកកំណើតវិញនៅថ្ងៃនេះ ជាមួយនឹងការចំណាយថវិកាសម្រាប់ឲ្យពួកគាត់ធ្វើដំណើរផងដែរ៕ ដោយ៖បញ្ញាស័ក្តិ