បើតាមការសិក្សាមួយនៅក្នុងប្រទេសសិង្ហបុរី គេបានរកឃើញថាអ្នកដែលបានចាក់វ៉ាក់សាំងចិនប្រភេទ Sinovac-CoronaVac COVID-19 ចំនួនពីរដូស មានសមត្ថភាពការពារទាបបំផុតដើម្បីប្រឆាំងជាមួយនឹងជំងឺធ្ងន់ធ្ងររបស់មេរោគបំប្លែងខ្លួនថ្មីប្រភេទ«ដែលតា» បើធៀបជាមួយអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ mRNA ចំនួនពីរដូស។
នេះបើតាមការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) និងក្រសួងសុខាភិបាល (MOH) ដែលផ្អែកលើទិន្នន័យក្នុងស្រុក ក្រោយធ្វើតេស្តលើមនុស្សចំនួន ១,២៥ លាននាក់។ NCID និង MOH បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់កាលពីថ្ងៃពុធកន្លងទៅថា ប្រសិទ្ធភាពនៃវ៉ាក់សាំងចិនប្រភេទ Sinovac ចំនួនពីរដូសគឺមានសមត្ថភាពចំនួន៦០ភាគរយប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ។
ចំនួននេះ គឺទាបជាងវ៉ាក់សាំងប្រភេទ Pfizer-BioNTech/Comirnaty ដែលមានប្រសិទ្ធភាព 90 ភាគរយ និងសម្រាប់វ៉ាក់សាំងប្រភេទModerna មានប្រសិទ្ធភាព៩៧ភាគរយ។ ជាក់ស្តែង កាលពីខែតុលាក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា វ៉ាក់សាំងប្រភេទ Sinovac នឹងត្រូវបានបញ្ចូលក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ប្រទេសសិង្ហបុរីជារបបបីដូស។
ក្នុងនោះ ចាប់ពីថ្ងៃទី០១ ខែមករា មានតែអ្នកដែលទទួលបានវ៉ាក់សាំងប្រភេទ Sinovac ឬ Sinopharm ចំនួនបីដងប៉ុណ្ណោះ នឹងត្រូវបានចាត់ទុកថា បានចាក់វ៉ាក់សាំងពេញលេញ។ បើតាមតួលេខចេញពីស្ទង់មតិ ភាគច្រើននៃប្រជាជនសិង្ហបុរីចំនួន៧៣.៧ ភាគរយបានចាក់វ៉ាក់សាំងប្រភេទ Pfizer-BioNTech / Comirnaty ខណៈពលរដ្ឋចំនួន២៣.៩ ភាគរយបានទទួលការចាក់វ៉ាក់សាំងប្រភេទ Moderna និងចំនួន២.៤ ភាគរយបានចាក់វ៉ាក់សាំងប្រភេទ Sinovac៕ CNA