ទីក្រុងប៉ារីសបានឱ្យដឹងថា ខ្លួននឹងហាមប្រាមអ្នកដំណើរពីចក្រភពអង់គ្លេសមិនឱ្យចូលមកក្នុងប្រទេសបារាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មីប្រភេទ«អូមីក្រុង» ដែលជាប្រភេទឆ្លងលឿនជាងមេរោគប្រភេទផ្សេងៗ ខណៈមេរោគប្រភេទនេះក៏កំពុងរីករាលដាលរួចទៅហើយនៅក្នុងចក្រភពអង់គ្លេស។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ អ្នកនាំពាក្យរដ្ឋាភិបាលបារាំងលោក Gabriel Attal បានចេញមកបញ្ជាក់ថា ការអនុវត្តច្បាប់តឹងរ៉ឹងទៅលើពលរដ្ឋដែលធ្វើដំណើរចេញពីចក្រភពអង់គ្លេស នឹងត្រូវផ្តល់ពេលវេលាឱ្យប្រទេសបារាំងពិចារណាបន្ថែមទៀតចំពោះរលកថ្មីនៃការឆ្លងរីករាលដាលនាពេលខាងមុខ។
ក្នុងនោះ ប្រទេសបារាំងនឹងហាមឃាត់ការធ្វើដំណើរទាំងអស់ពីចក្រភពអង់គ្លេស លុះត្រាតែមានហេតុផលណាមួយសមហេតុសមផលជាមួយប្រទេសបារាំង។ ហើយទីក្រុងប៉ារីសបានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា ចំពោះការធ្វើដំណើរក្នុងគោលបំណងជាលក្ខណៈទេសចរណ៍ និងអាជីវកម្មផ្សេងនឹងត្រូវហាមឃាត់ជាដាច់ខាត។
លោក Attal បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ BFMTV របស់ប្រទេសបារាំងថា ៖«យើងនឹងដាក់ការគ្រប់គ្រងយ៉ាងខ្លាំងបន្ថែមទៀតនៅតាមព្រំដែនជាមួយចក្រភពអង់គ្លេស។» ហើយ វិធានការដែលនឹងត្រូវបង្ហាញដោយការិយាល័យនាយករដ្ឋមន្ត្រី នឹងត្រូវបញ្ជាក់អំពី ការកាត់បន្ថយម៉ោងនៃការធ្វើតេស្ត PCR ដែលមានសុពលភាពចាប់ពី 48 ម៉ោងទៅ 24 ម៉ោងសម្រាប់អ្នកដែលមកដល់ចក្រភពអង់គ្លេស។ ក្នុងនោះ ការផ្លាស់ប្តូរម៉ោងនេះ នឹងចូលជាធរមានចាប់ពីថ្ងៃសៅរ៍តទៅ ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងនោះទេ។
មែនទែនទៅការផ្លាស់ប្តូរម៉ោងនេះ ធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេសបានកត់ត្រាចំនួនឆ្លងខ្ពស់នៃករណីមេរោគកូវីដ១៩ក្នុងរយៈពេលតែមួយថ្ងៃកាលពីថ្ងៃពុធកន្លងទៅ។ តែយ៉ាងណា ការកើនឡើងនៃករណីឆ្លងនៃមេរោគកូវីដ១៩ក្នុងចក្រភពអង់គ្លេសត្រូវ គេបានស្តីបន្ទោសទៅលើវត្តមាននៃមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ ហើយរដ្ឋមន្ត្រីដឹកជញ្ជូនអង់គ្លេសលោក Grant Shapps ក៏បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកដឹកជញ្ជូននឹងត្រូវបានលើកលែងពីការរឹតបន្តឹងរបស់បារាំង៕ ប្រភព៖ RT News