ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំជាមួយធនាគារកណ្តាលឡាវ នាថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២១ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីយភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Sonexay SITPHAXAY ទេសាភិបាល ធនាគារកណ្តាលឡាវ។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងធនាគារកណ្តាលទាំងពីរ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ និងគាំទ្រដល់ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ក្នុងប្រទេសទាំងពីរ។
គណៈប្រតិភូនៃធនាគារកណ្តាលទាំងពីរបានផ្លាស់ប្តូរយោបល់ ក្រោមបរិយាកាសប្រកបដោយមិត្តភាពនិងសាមគ្គីភាព និងបានកំណត់ការងារដែលនឹងត្រូវបង្កើនកិច្ចសហប្រតិបត្តិការនៅឆ្នាំបន្ទាប់ ក្នុងនោះរួមមាន ការអភិវឌ្ឍប្រព័ន្ធទូទាត់និងនវានុវត្តន៍ ជាមួយនឹងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យ និងការបន្តចែករំលែកបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា លើការងារការអភិវឌ្ឍការបោះពុម្ពរូបិយវត្ថុជាតិ ជាដើម។
នៅឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជាបានចែករំលែកបទពិសោធន៍និងចំណេះដឹងទៅកាន់ភាគីធនាគារកណ្តាលឡាវលើប្រធានបទជាច្រើន រួមមាន៖ ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ ការគ្រប់គ្រងសន្ទនីយភាព ការអភិវឌ្ឍប្រព័ន្ធបាគង ការត្រួតពិនិត្យធនាគារដោយផ្អែកលើហានិភ័យ និងប្រព័ន្ធគ្រប់គ្រងគណនី។
ឯកឧត្តម ទេសាភិបាល ធនាគារកណ្តាលឡាវ បានថ្លែងសរសើរពីជោគជ័យរបស់កម្ពុជាក្នុងការសម្រេចបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស ដែលបានជួយការពារសុខភាពប្រជាជន និងជំរុញសកម្មភាពសេដ្ឋកិច្ច។ ទន្ទឹមនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញប្រកបដោយប្រសិទ្ធភាព ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ និងសម្រេចបានសមិទ្ធផលល្អ ក្នុងការរក្សាបានវឌ្ឍនភាពនិងស្ថិរភាពប្រព័ន្ធធនាគារ ព្រមទាំងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។
ឯកឧត្តម ជា ចាន់តូ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ទេសាភិបាល ធនាគារកណ្តាលឡាវដែលអញ្ជើញមកចូលរួមកិច្ចប្រជុំទ្វេភាគីដោយផ្ទាល់ និងតែងតែបានគាំទ្រកិច្ចសហប្រតិបត្តិទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ។
ឯកឧត្តម ជា ចាន់តូ ក៏បានលើកឡើងថា វត្តមានរបស់គ្រឹះស្ថានធនាគារកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការនៅប្រទេសឡាវ ពិតជាបានរួមចំណែកពង្រឹងការវិនិយោគរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន ធនាគារពាណិជ្ជរបស់កម្ពុជាចំនួនពីរ កំពុងធ្វើប្រតិបត្តិការនៅប្រទេសឡាវ ហើយធនាគារពាណិជ្ជឡាវចំនួន១ មានវត្តមាននៅកម្ពុជា៕