Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ កសាងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបCORS ដើម្បីធ្វើឱ្យការវាស់វែង កាន់តែសុក្រឹត្យ ជួយពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស

ភ្នំពេញ ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាជប៉ុនJICAនៅកម្ពុជា ចូលជួបសំដែងការគួរសមនៅទីស្ដីការក្រសួង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាជប៉ុន JICAដែលបានជួយជ្រោមជ្រែងតាក់តែងច្បាប់ស្ដីពីសំណង់តាំងពីឆ្នាំ ២០១៧ មកដោយក្នុងនោះសង្កេតឃើញថា នៅប្រទេសកម្ពុជា មុននិងក្រោយពេលមានច្បាប់ស្ដីពីសំណង់នេះ គឺមានភាពខុសប្លែកគ្នាច្រើន ជាពិសេសគឺការថយចុះនូវសំណង់ឥតច្បាប់ និងមានការកើនឡើងនូវចំនួនវិស្វករនិងស្ថាបត្យករដែលបានចុះបញ្ជី ម្យ៉ាងទៀតក្រុមហ៊ុនសាងសង់ ក៏មានទំនុកចិត្តចំពោះរាជរដ្ឋាភិបាល ដោយសារតែមានច្បាប់ ស្ដីពីសំណង់ត្រឹមត្រូវដែលនាំឲ្យពួកគាត់សម្រេចចិត្តមកចុះបញ្ជី នៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានយ៉ាងភ្លូកទឹកភ្លូកដី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងពីគោលបំណង នៃជំនួបនាពេលនេះ គឺដើម្បីស្វាគមន៍ក្រុមបេសកកម្មរបស់JICA ដែលមកទស្សនៈកិច្ចការកសាងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបCORS ដែលស្ថានីយ៍នេះ មានអត្ថប្រយោជន៍ដូចជាធ្វើឱ្យការវាស់វែង កាន់តែសុក្រឹត្យ ជួយពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស ងាយស្រួលកំណត់ទីតាំងច្បាស់លាស់ លើការដោះស្រាយវិវាទដីធ្លី ពន្លឿនការងារវាស់វែងគ្រប់ការងារសាងសង់ ធារាសាស្រ្ត សំណង់អគារនិងសំណង់ស៊ីវិលផ្សេងទៀត ប្រើប្រាស់សម្រាប់បញ្ជាគ្រឿងចក្រដូចជា ការកៀរដីធ្វើផ្លូវការពង្រាបដីធ្វើកសិកម្មឲ្យបានរាបស្មើ និងប្រើប្រាស់សម្រាប់ត្រួតពិនិត្យការទ្រេតនៃអគារខ្ពស់ៗ មុននឹងឈានដល់ការដួលរលំ។

ម្យ៉ាងទៀតគោលបំណងនៃជំនួបនេះ ក៏ដើម្បីពិភាក្សាអំពីលទ្ធភាព នៃគម្រោងជំនួយឥតសំណង ស្ដីពីការបង្កើតប្រព័ន្ធបណ្ដាញវាស់វែងដីធ្លី ដោយឧបករណ៍GNSS (កំណត់ទីតាំងសកលតាមប្រព័ន្ធផ្កាយរណប) តាមរយៈការបង្កើតបណ្ដាញCORSទូទាំងប្រទេស។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូJICA ឲ្យបានដឹងអំពីដំណើរការ នៃការសាងសង់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមកទល់ពេលនេះ បានសម្រេចការសាងសង់ ៨០ ភាគរយហើយ ដោយក្នុងនោះក៏មានការគាំទ្រពី JICA ផងដែរ។

ជាការឆ្លើយតបលោកស្រី Kamei Haruko ប្រធានJICAនៅកម្ពុជា មានប្រសាសន៍កោតស្ញប់ស្ញែង ចំពោះស្ថាបត្យកម្មដ៏ប្រណិតអស្ចារ្យដែលបានរចនាឡើងនៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនេះ និងបានបង្ហាញពីក្តីរីករាយដែលកិច្ចសហប្រតិបត្តិការរវាង JICA និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានភាពល្អប្រសើរ ជាពិសេសរីករាយនិងអបអរចំពោះច្បាប់ ស្ដីពីសំណង់ដែលបានកកើតឡើងដោយលោកស្រី សង្កេតឃើញថា ច្បាប់នេះបានជួយគាំទ្រអភិវឌ្ឍន៍ដល់វិស័យសំណង់ នៅក្នុងប្រទេសកម្ពុជាបានយ៉ាងច្រើនផងដែរ បន្ទាប់ពីច្បាប់ស្ដីពីសំណង់នេះ បានចូលជាធរមានរួចមក។ ទាក់ទិននឹងការកសាងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបCORS លោកស្រីបញ្ជាក់ថា JICA នឹងរៀបចំការងារផ្សេងៗ ។

ទាក់ទិននឹងស្ថានីយ៍នេះ ដោយពិនិត្យមើលលទ្ធភាពថា នឹងអាចរៀបចំផ្ដល់ជំនួយ បានច្រើនជាងនេះទៀតពីព្រោះJICA សង្កេតឃើញថា មន្ត្រីសុរិយោដីរបស់ក្រសួង គឺបានខិតខំប្រឹងប្រែងធ្វើការជាមួយស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORSនេះ មានភាពទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យ ឆាប់រហ័សលើកិច្ចការនេះ៕ ក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×