ភ្នំពេញ ៖ លោក Yoichi Inoue ប្រធានក្រុមបេសកកម្មរបស់ទីភ្នាក់ងារ JICA តូក្យូ បានរាយការណ៍ អំពីលទ្ធផលនៃការសិក្សា របស់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង ដែលបានបញ្ចប់ជាស្ថាពរ ព្រមទាំងបានពិភាក្សាជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អំពីលទ្ធផលនៃការសិក្សាចុងក្រោយ និងភារកិច្ចទទួលខុសត្រូវរបស់ភាគីកម្ពុជា ក្នុងក្របខណ្ឌគម្រោង រួចហើយដែរ ហើយរបាយការណ៍នៃការសិក្សានេះ នឹងត្រូវដាក់ជូនទៅរដ្ឋាភិបាលជប៉ុនពិនិត្យ សម្រេច ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់ការអនុវត្តគម្រោង នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៧ខែធ្នូនេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងារ ជាមួយក្រុមបេសកកម្មរបស់ទីភ្នាក់ងារ JICA។ នៅរសៀលថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបសំណេះសំណាល ពិភាក្សាការងារជាមួយទីភ្នាក់ងារ JICA ដឹកនាំដោយកញ្ញា មីយ៉ាហារ៉ា អៃ (Miyahara Ai) អនុប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា, ក្រុមបេសកកម្មរបស់ទីភ្នាក់ងារ JICA តូក្យូ និងទីប្រឹក្សាបច្ចេកទេស។
ជាកិច្ចស្វាគមន៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន, ទីភ្នាក់ងារ JICA ដែលបានផ្តល់ហិរញ្ញប្បទានរយលានដុល្លារសម្រាប់ការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ហើយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី រួមជាមួយ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ហើយថ្ងៃនេះ យើងក៏នឹងពិភាក្សាអំពីលទ្ធផលនៃសិក្សា និងការអនុវត្តគម្រោង ចំនួន ២ ទៀត។

កញ្ញា Miyahara Ai ប្រធានប្រតិភូ បានជម្រាបជូនអង្គប្រជុំអំពីគោលបំណងនៃជំនួបពិភាក្សានេះ និងបានថ្លែងអំណរគុណ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានផ្តល់ការសហការយ៉ាងពេញលេញ ដល់ក្រុមបេសកកម្មរបស់ទីភ្នាក់ងារ JICA តូក្យូ ក្នុងអំឡុងពេលដែលក្រុមបេសកកម្មបំពេញការងារនៅកម្ពុជា។
លោក Yoichi Inoue ប្រធានក្រុមបេសកកម្មរបស់ទីភ្នាក់ងារ JICA តូក្យូ បានរាយការណ៍ជូនអង្គប្រជុំ អំពីលទ្ធផលនៃការសិក្សា របស់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង ដែលបានបញ្ចប់ជាស្ថាពរ ព្រមទាំងបានពិភាក្សាជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អំពីលទ្ធផលនៃការសិក្សាចុងក្រោយ និងភារកិច្ចទទួលខុសត្រូវរបស់ភាគីកម្ពុជា ក្នុងក្របខណ្ឌគម្រោង រួចហើយដែរ។
របាយការណ៍នៃការសិក្សានេះ នឹងត្រូវដាក់ជូនទៅរដ្ឋាភិបាលជប៉ុនពិនិត្យ សម្រេច ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់ការអនុវត្តគម្រោង នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។
ចំពោះការធ្វើបច្ចុប្បន្នភាពផែនការឆ្នាំ២០២១-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោកប្រធានក្រុមបេសកកម្មក៏បានរាយការណ៍ជូនអង្គប្រជុំថា បច្ចុប្បន្នការសិក្សាគឺបានបញ្ចប់សេចក្តីព្រាងរបាយការណ៍ហើយ ព្រមទាំងបានពិភាក្សាជាមួយជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួចហើយដែរ។ ជំហានបន្ទាប់ ទីប្រឹក្សាបច្ចេកទេសនឹងបញ្ចប់របាយការណ៍សិក្សាចុងក្រោយ រួចនឹងដាក់ជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិនិត្យនិងផ្តល់យោបល់ចុងក្រោយ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយដែលបានឃើញនូវវឌ្ឍនភាពរបស់គម្រោងទាំង ២ ខាងលើ។ សម្រាប់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង ឯកឧត្តមបានបញ្ជាក់ជូនទីភ្នាក់ងារ JICA អំពីការគាំទ្រចំពោះលទ្ធផលនៃការសិក្សានេះ និងស្នើឱ្យមានការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារវាងក្រសួង និងក្រុមបេសកកម្មរបស់ទីភ្នាក់ងារ JICA តូក្យូ។ ចំពោះ លទ្ធផលនៃការសិក្សាដែលថា ចាំបាច់ត្រូវធ្វើការកែសម្រួលថ្លៃលក់ទឹករបស់រដ្ឋាករទឹកខេត្តស្វាយរៀង ដើម្បីធានានិរន្តភាពហិរញ្ញវត្ថុរបស់អង្គភាព ឯកឧត្តមបានគាំទ្រចំពោះការកែសម្រួលនេះ ប៉ុន្តែបានស្នើឱ្យមានការកំណត់ថ្លៃលក់ទឹកដោយបែងចែកតាមប្រភេទអតិថិជន និងតាមកម្រិតប្រើប្រាស់ និងត្រូវមានការឧបត្ថម្ភថ្លៃលក់ទឹកដល់គ្រួសារក្រីក្រផងដែរ។ ចំពោះការធ្វើបច្ចុប្បន្នភាពផែនការឆ្នាំ២០២១-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តមបញ្ជាក់ថា នេះជាគឺការងារចាំបាច់ ព្រោះថាដែនដីរដ្ឋបាលក្រុងភ្នំពេញមានការផ្លាស់ប្តូរជាច្រើន ហើយទីក្រុងក៏មានការរីកចម្រើនយ៉ាងលឿនផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើឱ្យទីភ្នាក់ងារ JICA សិក្សាអំពីលទ្ធភាពក្នុងការសាងសង់រោងចក្រប្រព្រឹត្តិកម្មសម្អាតទឹក នៅទីតាំងដីតំបន់បឹងតាមោករបស់អង្គភាព ព្រមទាំងប្រើប្រាស់ប្រភពទឹកពីបឹងតាមោកតែម្តង។ ចំពោះសិក្ខាសាលាទឹកស្អាតកម្ពុជា ជប៉ុន ដែលរៀបចំដោយការិយាល័យទឹកស្អាតនិងប្រព័ន្ធអនាម័យក្រុងគីតាគ្យូស៊ុនៅដើមឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានស្នើឱ្យមានការធ្វើបទបង្ហាញបន្ថែមអំពីបច្ចេកវិទ្យាថ្មីៗរបស់ជប៉ុន ដែលជាឱកាសរៀនសូត្រសម្រាប់ប្រតិបត្តិករទឹកស្អាតរបស់កម្ពុជា ដែលអាចយកមកអនុវត្តនៅកម្ពុជាបានផងដែរ៕ ក្សាសិទ្ធិដោយ ៖ សុទ្ធ លី






