Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ជំនួយវ៉ាក់សាំង Astra Zeneca ចំនួន ៣០ម៉ឺនដូសបន្ថែមទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ

ភ្នំពេញ ៖ ជប៉ុនផ្តល់ជំនួយវ៉ាក់សាំង Astra Zeneca ចំនួន ៣០ម៉ឺនដូសបន្ថែម លើជំនួយ១លានដូស ដែលបានដឹកមកដល់កម្ពុជារួចរាល់ហើយ កាលពីខែកក្កដា ហើយ ៣០ម៉ឺនដូសក្រោយនេះ នឹងមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ខាងមុខនេះ ។

សាររបស់ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្ដល់ជំនួយវាក់សាំង នៅថ្ងៃទី១៦ ខែធ្នូ ២០២១ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយវាក់សាំង AstraZeneca ចំនួនប្រមាណ៣០ម៉ឺនដួសដល់ ព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវ៉ាក់សាំងប្រមាណ១លានដួស ដែលបានផ្តល់ជូនរួចរាល់។ ការសម្រេច នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែធ្នូ ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការ យូនីសេហ្វ និងអង្គការសុខភាពពិភពលោក។ ឯកអគ្គរាជទូតជប៉ុនសង្ឃឹមថា ជំនួយនេះនឹងរួមចំណែកបន្ថែមទៀត ដល់ជំហាន ឆ្ពោះទៅរកការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍ មួយចំនួនរបស់ ប្រជាជនកម្ពុជា។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មី ដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់ វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាអាទិភាពចំបងសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសរុបប្រមាណ ច្រើនជាង៦០លានដុល្លារអាមេរិកដល់ កម្ពុជាដែលរួមមានការផ្តល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈអង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុក វ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ យើងក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបាន យកទៅប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូរ៉ដ១៩ និងសម្រាប់ ការពង្រឹងប្រព័ន្ធសុខាភិបាល។

ឯកអគ្គរាជទូតជប៉ុន ក៏សូមឆ្លៀតក្នុងឱកាសនេះ សម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះអ្នកជំនាញសុខាភិបាល និងមន្តី រដ្ឋាភិបាលទាំងអស់ ដែលកំពុងតែចាត់វិធានការ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយខ្ញុំក៏សូមបួងសួងជូនពរ ដល់ប្រជាពលរដ្ឋទាំងអស់ដែលបាននិងកំពុង តែខិតខំប្រឹងប្រែងប្រឈមនឹងស្ថានភាពដ៏លំបាកនេះ។
ក្នុងការប្រយុទ្ធប្រឆាំងនៃកូវីដ១៩របស់យើង ប្រទេសជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នា ជាមួយ កម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង។

ឯកអគ្គរាជទូតជប៉ុនសង្ឃឹមថា ស្ថានភាពសកលលោករួមទាំងកម្ពុជា នឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខ នេះ ហើយការផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រទេសយើងទាំងពីរក៏ដូចជាក្នុង ពិភពលោកនឹងអាចចាប់ផ្ដើម ឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×