Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC និងក្រសួងពាណិជ្ជកម្មចិន ចុះMoU ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ

spot_img

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្មចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នា ក្នុងការបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក រិន ហុងពីង អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា។

ភាគីទាំងពីរ បានបញ្ជាក់នូវការប្ដេជ្ញាចិត្ត ក្នុងគោលបំណងរួមគ្នា លើកកម្ពស់គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” ភ្ជាប់ជាមួយគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ នៅកម្ពុជា រួមគ្នាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ពង្រឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យផ្សេងៗ និងធ្វើឱ្យប្រសើរឡើងនូវយន្តការកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងក្របខ័ណ្ឌនៃគណៈកម្មការ ស្ដីពីកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា ការចុះហត្ថលេខានេះ នឹងជំរុញលំហូរវិនិយោគ និងពាណិជ្ជកម្មប្រទេសទាំងពីរ ស្របតាមស្មារតីនៃជំនួបកំពូល រវាងប្រមុខរដ្ឋាភិបាល តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

ឯកឧត្តម បានគូសបញ្ជាក់ថា តាមរយៈការវិនិយោគចិន ឈរនៅចំណាត់ថ្នាក់ទី១ និងទំហំទុនវិនិយោគដ៏ច្រើនរបស់វិនិយោគិនចិននៅកម្ពុជា នឹងជួយជំរុញ និងពន្លឿនសមត្ថភាពកម្ពុជា ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩នេះ៕

spot_img
×