Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ អនុញ្ញាតឲ្យប្រជាពលរដ្ឋ លើកជាសំណួរ អំពីការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក មន្ត្រីជាន់ខ្ពស់នឹងបកស្រាយ !

ភ្នំពេញ ៖ប្រជាពលរដ្ឋដែលឆ្ងល់ ជុំវិញការប្រើប្រាស់យានយន្ត ដូចជា ការធ្វើផ្លាកលេខ លក្ខណៈបច្ចេកទេស ការបើកបរ ការដឹកជញ្ជូន ការផ្ទុកទំងន់ និងការប្រើប្រាស់ផ្លូវ សូមអញ្ជើញខុម្មិនសួរទៅក្នុងហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រោះក្រសួងបានបង្កើតកម្មវិធីផ្សាយផ្ទាល់លើទំព័រ Facebook របស់ខ្លួន ដើម្បីផ្តល់នូវព័ត៌មានផ្សេងៗ ព្រមទាំងផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋសាកសួរព័ត៌មានទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួងទៅលើបញ្ហាយានយន្ត និងដងផ្លូវ, ជាពិសេសទៅទៀតនេះ នឹងមានការផ្សាយផ្ទាល់ ពន្យល់ បកស្រាយនឹងសំណួរ ដោយមន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា កម្មវិធីផ្សាយផ្ទាល់នេះមានឈ្មោះថា «MPWT LIVE SHOW» ដែលបានចាប់ផ្តើមដំណើរការលើកដំបូងបំផុត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដែលវាគ្មិនចូលមកស្វាគមន៍កម្មវិធីផ្សាយផ្ទាល់នាពេលនោះ គឺលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងទទួលបានការគាំទ្រយ៉ាងច្រើនពី សំណាក់ប្រជាពលរដ្ឋ។

សម្រាប់កម្មវិធីផ្សាយផ្ទាល់ជាលើកទី៥នេះ នឹងរៀបចំឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមប្រធានបទ ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក» ដោយមានវាគ្មិនកិត្តិយស លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។ កម្មវិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៥៖០០នាទីល្ងាច ដោយមានការផ្តល់ ឱកាសឱ្យប្រជាពលរដ្ឋ សួរសំណួរពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ ទៅតាមការគួរ។

សម្រាប់ប្រជាពលរដ្ឋដែលមានសំណួរទាក់ទងនឹងប្រធានបទ «ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក» អាចសាកសួរដោយ ទម្លាក់សំណួរចូលក្នុងខុម្មិន ឬដាក់សំណួរទៅក្នុង Messenger facebook របស់ក្រសួងសាធារណការបាន។

កម្មវិធីផ្សាយផ្ទាល់ «MPWT LIVE SHOW» ដែលបង្កើតឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូននេះ គឺជាកម្មវិធីចែករំលែកព័ត៌មានទៅក្នុងសង្គម និងអនុញ្ញាត ឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមជាមតិយោបល់ជាមួយថ្នាក់ដឹកនាំ ជំនាញពាក់ព័ន្ធ របស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×