ភ្នំពេញ ៖ កម្មវិធីប្រគល់-ទទួល បរិក្ខាពេទ្យ និងសម្ភារៈការិយាល័យពីសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសប្បុរសជន តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ជូនមន្ទីពេទ្យបង្អែកចតុមុខ ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រខណ្ឌទូទាំងប្រទេស នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ី សិលារិទ្ធិ ប្រធានមន្ទីពេទ្យបង្អែកចតុមុខ បានថ្លែងពីវឌ្ឍនភាពរបស់មន្ទីពេទ្យ បង្អែកចតុមុខ មានដូចខាងក្រោម៖ មណ្ឌលសុខភាពដូនពេញ ត្រូវបានចាប់ផ្ដើដំណើការក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ២០១៧ ដែល មានទីតាំងស្ថិតនៅដីឡូត៍លេខ ២១១៥ ផ្លូវជាតិលេខ ៥ ភូមិ ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៧ មណ្ឌលសុខភាពដូនពេញ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស អតីតអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ហើយបានបញ្ចប់ការសាងសង់នៅថ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយក៏បានធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនទៅជា មន្ទីពេទ្យបង្អែកចតុមុខ ស្របតាមប្រកាស លេខ ៖ ១៦១ សនប ចុះថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៨ របស់ក្រសួងសុខាភិបាល ស្ដីពីការបង្កើតមន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព ចំណុះមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មន្ទីរពេទ្យបង្អែក មានទទួលបម្រើសេវាដូចជា ៖ ពិនិត្យពិគ្រោះជម្ងឺក្រៅ, សម្រាកពេទ្យមនុស្សចាស់ និងកុមារ, សម្ភព រោគស្ត្រី, ពិនិត្យផ្ទៃពោះមុនសម្រាល, សង្គ្រោះបឋម, សង្គ្រោះបន្ទាន់, មន្ទីរពិសោធន៍, សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាម រកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ ព្រមទាំងការបង្ការការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន។ ក្នុង នោះចំពោះប្រជាពលរដ្ឋក្រីក, ជនអនាថា, ជនពិការ, ព្រះសង្ឃ និងប្រជាពលរដ្ឋមានប័ណ្ណក្រីក្ររបស់រាជរដ្ឋាភិបាល ត្រូវ បានលើកលែងការបង់ថ្លៃសម្រាប់ព្យាបាល។

បច្ចុប្បន្ន មន្ទីរពេទ្យបង្អែក បានសហការជាមួយសមាគមន៍និកាយ សាសនាចក្រ នៃព្រះយេស៊ូវ គ្រឹស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ដោយបានទទួលនូវការជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ បរិក្ខារពេទ្យ និងគ្រឿងឧបភោគបរិភោគ ជាពិសេស ក្នុងយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ និងកុមារា-កុមារី។
ចំណាប់អារម្មណ៍ ដោយលោក សៀ សំណាង ប្រធានសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ៖ មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ បានចាប់ផ្តើមជួយឧបត្ថម្ភជាស្បៀង សម្ភារៈ គ្រឿងឧបភោគបរិភោគ ដល់មន្ទីពេទ្យបង្អែកចតុមុខ ចាប់តាំងពី ដើមខែឧសភា ឆ្នាំ២០២១ រួមមាន៖ អាល់កុល, ដែលលាងដៃ , ប្រេងម៉ាស៊ូត, អាវសុវត្ថិភាព ភីភីស៊ី, មី, អង្ករត្រីខ, ទឹកស៊ីអ៊ីវ, ម៉ាស៊ីនធ្វើតេស្ដរហ័ស, បំពង់បាញ់អា ល់កុល, ម៉ាស៊ីនវ៉ាស់កំដៅ, ម៉ាស់ពាក់មុខសុវត្ថិភាព, ទឹកសុទ្ធ, ភេសជ្ជៈ។
ជាងនេះទៀត ក្រុមការងារស្ម័គ្រចិត្តរបស់មូលនិធិប្រឆាំងកូវីដ១៩ ក៏បានចូលរួមជាថវិកា សម្រាប់ជួយ ទិញជាអាហារប្រចាំថ្ងៃជូនដល់ក្រុមគ្រូពេទ្យ និងក្រុមការងារប្រចាំនៅមន្ទីពេទ្យ មានជាអាទិ៍ ក្នុងយុទ្ធនា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ, យុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារមានដែលមានអាយុចាប់ពី១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់សាំងកុមារអាយុចាប់ពី៥ឆ្នាំ ដល់១២ឆ្នាំ។

ចាប់តាំងពីខែ សីហា ឆ្នាំ២០២១ មូលនិធិកម្ពុជាប្រឆាំងកវីដ១៩ បានសម្រេចធ្វើការជួយឧបត្ថម្ភដល់ មន្ទីពេទ្យបង្អែកចតុមុខ ជាប្រចាំខែ ដោយបានផ្តល់នូវកញ្ចប់អបរិមាណរួមមាន ( ប្រេងម៉ាស៊ូត, អាល់ កុល, មី, ត្រីខ, ម៉ាស់) បន្ថែមពីនេះទៀត ក្រុមការងាររៀបចំ និងផ្គត់ផ្គង់ ក៏មានបន្ថែមសម្ភារៈ ឬគ្រឿង ឧបភោគបរិភោគ តាមការជាក់ស្តែង ដែលអំណោយទាំងអស់នោះគឺទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន រួមមាន ទឹកបរិសុទ្ធ, ភេសជ្ជៈ អាហារកម្មង់ និងភេសជ្ជៈកម្មង់ សម្រាប់ធ្វើការចែកជូនដល់ក្រុម គ្រូពេទ្យ និងក្រុមការងារ។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ និងលោក ហ៊ីង សីលារិទ្ធិ ប្រធានម ន្ទីពេទ្យបង្អែកចតុមុខ បានចុះកិច្ចព្រមព្រៀងជួយឧបត្ថម្ភគ្រឿងបរិក្ខារពេទ្យ MOU ជាមួយសមាគម និកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីធ្វើកិច្ចសហការឧបត្ថម្ភជួយ ដល់មន្ទីពេទ្យបង្អែកចតុមុខ ក្នុងនោះមានការជួយជួសជុលអាគារ, បំពាក់បរិក្ខាពេទ្យ និងសម្ភារៈនានា ដែលមានតម្លៃជិត ១០ម៉ឺនដុល្លារអាមេរិក។
ចំណាប់អារម្មណ៍ ដោយ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ បានថ្លែងថា យើងមានបេសកម្មចំនួន ៣ គឺមានការចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មាន និងអប់រំ ជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប្រឆាំងនៃការរីករាលដាលនៃជំងឺកូវីដ១៩ និងការចូលរួមជាមួយរាជរដ្ឋាភិបាល សម្របសម្រួលរវាងប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជួយអន្តរាគមន៍ ចំពោះបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះ នឹងបញ្ហាកូវីដ១៩ ដូចជា ការចាក់វ៉ាក់សាំង ការធ្វើចត្តាឡីស័ក ការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីពេទ្យ និងការព្យាបាលជំងឺជាដើម ហើយបេសកម្មទី ៣ គឺការកៀរគរមូលនិធិ ប្រឆាំងជំងឺកូវីដ១៩ ដើម្បីចែកជូនទៅដល់ប្រជាពលរដ្ឋ។

លោក ហោ សេរីវឌ្ឍន៍ បានលើកឡើងបន្តថា ចំពោះបេសកកម្មបន្ទាប់ យើងមិនអាចឈប់ត្រឹមហ្នឹងបានទេ ដែលពាក់ព័ន្ធនឹងបញ្ហាសុខភាពនេះ ថាតើយើងអាចជួយជាមួយរាជរដ្ឋាភិបាល យ៉ាងម៉េចបន្ថែមទៀត ដើម្បីឱ្យសុខភាពប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ទោះបីជាយើងត្រូវរស់នៅក្នុងបរិបទកូវីដ ដូច្នេះយើងនៅប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ ព្រមទាំងជួយបញ្ហាសុខភាព ដល់ប្រជាពលរដ្ឋបន្ថែមទៀត ហើយបន្ថែមពីនោះ ក្រុមការងាររបស់យើង បានដឹងថាពេលជួបបញ្ហាកូវីដ១៩ យើងតែងតែជួបបញ្ហាសេដ្ឋកិច្ច តើកម្ពុជាប្រឆាំងកូវីដ១៩ នឹងអាចចូលរួមអ្វី ជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មាន និងអប់រំ ជួយអន្តរាគមន៍ និងសម្របសម្រួល ក្នុងកម្រិតណាមួយ ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ មានជីវភាពប្រសើរជាងមុន បន្ទាប់ពីកូវីដ១៩។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា មកទល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយថ្មីៗនេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ជាលើកដំបូងលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា។ ហើយអ្នកជំងឺរូបនេះកំពុងសម្រាកព្យាបាល និងមានស្ថានភាពសុខភាពល្អប្រសើរឡើងវិញហើយ។
វេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា យើងមិនដឹងថាមេរោគកូវីដថ្មី អូមីក្រុង នេះវាធ្ងន់ធ្ងរកម្រិតណា ឬយ៉ាងណានោះទេ គ្រាន់តែដឹងថាវាចម្លងលឿន ដូច្នេះសូម អ្នកវិទ្យាសាស្ដ្រវេជ្ជសាស្ដ្រនៅលើពិភពលោកយើងនេះបន្តសហការគ្នាស្រាវជ្រាវ ដើម្បី ទប់ស្កាត់ប្រភេទមេរោគបំប្លែងថ្មី អូមីក្រុង ទុកជាប្រយោជន៍សុខភាពមនុស្សជាតិ។
វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវឲ្យគ្រប់គ្រូពេទ្យជួរមុខ ថែរក្សាសុខភាពខ្លួនឲ្យបានគត់មុត ដោយសារពួកគាត់ជាអ្នកធ្វើការដោយផ្ទាល់ ជាមួយនឹងក្រុមមនុស្សមានហានិភ័យខ្ពស់ ក្នុងកិច្ចការជំងឺឆ្លង។ ប្រសិនបើពេទ្យឈឺ យើងពុំមានអ្នកព្យាបាលអ្នកជំងឺឡើយ ដែលអាចនាំឲ្យអន្តរាយដល់សុខភាពសាធារណៈក៏ថាបាន ៕រក្សាសិទ្ធិដោយ ៖ CEN




