ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកសវនាការ ជំនុំជម្រះ លើបណ្តឹងសាទុក្ខ របស់ជនជាប់ចោទ ឈ្មោះ រស់ សុឃិត ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរជា ចាងហ្វាងកាសែតជាតិខ្មែរ ដែលត្រូវបាន តុលាការថ្នាក់ក្រោម ដាក់គុកកំណត់ ១៨ ខែ ជាប់ពាក់ព័ន្ធនឹងបទល្មើស« ញុះ.ញង់បង្កឱ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០។

សវនាការនេះ ត្រូវបានដឹកនាំដោយ លោកចៅក្រម និន ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញា ប៉ែន សារ៉ាត់ គឺ ជាតំណាងមហាអយ្យការអមមហាតុលាការកំពូល ព្រមទាំងមានវត្តមានរបស់ជនជាប់ចោទ និងមេធាវីការពារក្តី គឺ លោកសំ សុគង់ ចូលរួមផងដែរ។
ទាក់ទងនឹងករណីនេះ លោកចៅក្រម អឿង សៀង បានអានឯកសារសំណុំរឿងក្តីនៅក្នុង អង្គសវនាការថា នៅក្នុងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ រស់ សុឃិត ជាចាងហ្វាងកាសែតជាតិខ្មែរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ កាត់ទោស ដាក់គុកកំណត់ ១៨ ខែ និង ពិន័យជាប្រាក់ សម្រាប់ដាក់ចូល នៅក្នុងថវិកាជាតិ ចំនួន ២លានរៀល (ប្រមាណ ៥០០ ដុល្លារអាមេរិក។
ជនជាប់ចោទរស់ សុឃិត ត្រូវបានជាប់ចោទពីបទ« ញុះ.ញង់បង្កឱ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិ្តមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។
ជនជាប់រស់ សុឃិត បានប្តឹងឧទ្ធរណ៍ តែតុលាការឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់ រក្សាទុកដដែល។ គាត់ ក៏បន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

នាពេលសវនាការ ជនជាប់ចោទឈ្មោះ រស់ សុឃិត បានទទួលស្គាល់អំពីកំហុសឆ្គង (អំពីការសរសេរសារ រិះគន់ និង បង្ហោះតាមហ្វ៊េសបុក ដែលបានប៉ះពាល់ដល់ ថ្នាក់ដឹកនាំប្រទេស)។ ក៏ប៉ុន្តែ គាត់និយាយថា ការផ្តន្ទារូបគាត់អំពីសំណាក់ តុលាការថ្នាក់ក្រោមនោះ គឺវាធ្ងន់ធ្ងរពេក និងដែលគាត់មិនអាចទទួលយកបាន។
ជនជាប់ចោទ រស់ សុឃិត បានសំណូមពរដល់ អង្គចៅក្រមជំនុំជម្រះ តុលាការកំពូល សូមមេត្តាបន្ធូរបន្ធូរទោស ឬ ព្យួរទោស និងសម្រេចដោះលែងរូបគាត់ពីពន្ធគារ ពីព្រោះខ្ញុំត្រូវបានជាប់ក្នុងឃុំឃាំង និងបានអនុវត្តទោស ជិតចប់ ហើយនឹងត្រូវផុតទោស នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះឯង។
រស់ សុឃិត សំណូមពរដល់មេត្តាកំពូល មេត្តាប្រគល់នូវសម្ភារៈរបស់គាត់ រួមមាន កុំព្យូទ័រឡេប ចំនួន ១គ្រឿង និង ទូរស័ព្ទដៃរបស់គាត់ចំនួន ៣ គ្រឿង ដែលត្រូវបានដកហូត នៅពេលឃាត់ខ្លួនគាត់នោះ ដូចមានចុះឈ្មោះ នៅក្នុងកំណត់ហេតុរបស់តុលាការ ប្រគល់ឲ្យគ្រប់ចំនួនមកគាត់វិញ។
លោកមេធាវីសំ សុគង់ បានថ្លែងថា យោងតាមមាត្រា ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ស្តីពីបទល្មើស« ញុះ.ញង់បង្កឱ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទណ្ឌ.កម្មគឺ ត្រូវជាប់គុកពីរវាង៦ខែ រហូតដល់២ ឆ្នាំ។
លោកមេធាវីសុគង់ បានបន្ថែមថា តែនៅក្នុងសំណុំរឿងក្តីនេះ តុលាការថ្នាក់ក្រោម បានកាត់ទោស កូនក្តីរបស់លោកឲ្យជាប់ពន្ធនាគារ រហូតដល់ ១៨ ខែ ដែលជាអតិបរិមានៃទោស។
តុលាការកំពូលនឹងប្រកាសសាលដីការសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃ ទី ២២ ខែ ធ្នូ ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

