តាមរយៈវិធីព្រលែងទាឲ្យចូលក្នុងវាលសន្ទូងទាំងឡាយប្រជាកសិករជប៉ុនអាចកម្ចាត់បានពពួកសត្វល្អិតស្មៅ ទាំងទាំងបង្កើនសមត្ថភាពទ្រាំទ្រនឹងព្យុះ ក៏ដូចជាអាកាសធាតុអាក្រក់សម្រាប់ដើមស្រូវ។
ពួកគេព្រលែងហ្វូងទាពូជទៅក្នុងវាលស្រែទាំងឡាយ ហើយពួកវានឹងស៊ីសត្វល្អិតទាំងឡាយព្រមទាំងស្មៅដែលដុះក្នុងស្រែផង ។ ប៉ុន្តែពួកវាពុំបានបង្កអន្តររាយអ្វីដល់ដើមស្រូវទេ ។ គ្រាប់ស្មៅដែលប្រុងដុះនៅលើវាលស្រែ វានឹងស៊ីធ្វើឲ្យពី១ឆ្នាំទៅ១ឆ្នាំ បរិមាណស្មៅទាំងនេះកាន់តែថមថយចុះ ម្យ៉ាងទៀតតាមវិធីសាស្ត្រនេះវាធ្វើឲ្យដើមស្រូវពង្រឹងបានសមត្ថភាពទ្រាំទ្រនឹងព្យុះភ្លៀង ព្រមទាំងអាកាសធាតុអាក្រក់ល្អជាងមុន តាមរយៈវិធីសាស្ត្រនេះ កសិករនឹងលែងប្រើថ្នាំគីមីសម្លាប់សត្វល្អិតទៀត ។
បញ្ហាសំខាន់គឺទាទាំងនោះ នឹងឡើងគីឡូយ៉ាងលឿនជាហេតុនាំឲ្យវាអាចជាន់ខ្ទេចដើមស្រូវបាន ប៉ុន្តែពួកគេបានប្រើវិធីព្រលែងហ្វូងទានីមួយៗសម្រាប់សន្ទូងក្នុង១រដូវប៉ុណ្ណោះ ឆ្នាំក្រោយគេត្រូវប្រើហ្វូងទាបង្កាត់ពូជមួយផ្សេងវិញ។
វិធីសាស្ត្រនេះកំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅកូរ៉េខាងត្បូង ចិន ថៃ និងអ៊ីរ៉ង់ ៕ ចន្ទ្រា