ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ក្រុងខេត្តព្រះសីហនុ បង្ហាញការគាំទ្រ និងអបអរសារទរប្រសាសន៍ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជាដល់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យបន្តពិនិត្យដោះស្រាយទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋជាមួយផ្នែកពាក់ព័ន្ធ ដែលកំពុងកើតមាននៅមូលដ្ឋានខាងលើឲ្យមានយុត្តិធ៌មទាំងអស់គ្នា។
ការសាទរ និងបង្ហាញពីភាពរីករាយជាថ្មីទៀត របស់ពលរដ្ឋមួយចំនួន រស់នៅលើសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ដែលមិនទាន់មានឈ្មោះ ទទួល បានប្លង់កម្មសិទ្ធិដីធ្លី ហើយកំពុងមានទំនាស់ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងមានទំនាស់ជាមួយមូលដ្ឋានកងទ័ពជើងទឹកប្រចាំការនៅលើកោះ បានកើតឡើងនៅគ្រា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ បើកសម្ភោធសណ្ឋាគារផ្កាយប្រាំ ក្រុមហ៊ុនរ៉ូយ៉ាល់សេន របស់លោក គិត ម៉េង មានទីតាំងនៅតាមបណ្តោយឆ្នេរសុខសាន្ត ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
ទាក់ទិនសុវត្ថិភាពដីធ្លីនេះដែរ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋចំនួនជិត ៨០នាក់ រស់នៅលើកោះរ៉ុង ក្រុងព្រះសីហនុ ដែលមិនមានឈ្មោះទទួលបានប្លង់កម្មសិទ្ធិដីធ្លី បានបានផ្តិតស្នាមមេដៃគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំជួយអន្តរាគមន៍ទៅរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងរៀបចំដែន ដីនគររូបនីយកម្ម និងសំណង់ ឲ្យចេញប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់បានប្រើប្រាស់ស្របច្បាប់។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋភូមិសុខសាន្ត ឲ្យដឹងថា ការដាក់លិខិតស្នើអន្តរាគមន៍ជូន សម្តេច ហ៊ុន សែន នាឱកាសនេះ បានកើតឡើងបន្ទាប់ពី ពួកគាត់មិនត្រូវបានអាជ្ញាធរពាក់ព័ន្ធ មិនព្រមចេញប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់រួចមក។
យោងតាមលិខិតសុំកិច្ចអន្តរាគមន៍គោរពជូន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលអ្នកយកព័ត៌មានគេហទំព័រ CEN.COM.KH ទទួលបានតាមបណ្តាញសង្គម កាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨ និងមានភ្ជាប់ស្នាមមេដៃ របស់ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុងផងនោះ មានខ្លឹមសារទាំងស្រុងថា ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លិខិតសុំកិច្ចអន្តរាគមន៍
សូមគោរពជូន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់
យើងខ្ញុំប្រជាពលរដ្ឋទាំងអស់គ្នា ដែលរស់នៅលើកោះរ៉ុង និងជាម្ចាស់ដី ដែលជាប្រជាពលរដ្ឋ របស់សម្តេចសូមគោរពជំរាបជូនសម្តេចថា យើងខ្ញុំទាំងអស់គ្នា កើតទុក្ខមិនសុខចិត្តដោយសារ អាជ្ញាធរចៅសង្កាត់លើកោះរ៉ុង មាន លោក សេង ហួរលាង និង លោក ឈឺន ចន្ថា បានទប់ស្កាត់ និងហាមឃាត់ យ៉ាងដាច់ខាត់មិនអោយពួកខ្ញុំ ដែលជាប្រជាពលរដ្ឋមិនទាន់បានទទួលប័ណ្ណកម្មសិទិ្ធទៅចូលរួមអបអរសាទរនូវវត្តមាន របស់សម្តេចក្នុងការអញ្ចើញចូលរួមពិធីសម្ពោធសណ្ឋាគារបឹងកាឡូផ្កាយប្រាំ របស់ លោក គិត ម៉េង ដោយខ្លាចពួកយើងខ្ញុំរាយការណ៍រឿងពិតជូនសម្តេច។ យើងខ្ញុំសូមជំរាបជូនសម្តេច មេត្តាជ្រាបថា ប្រជាពលរដ្ឋ របស់សម្តេចទាំង ៤ភូមិ (រួមមានភូមិសុខសាន្ត ភូមិកោះតូច ភូមិព្រែកស្វាយ និងភូមិដើមថ្កូវ) ដែលត្រូវក្រុមហ៊ុនរ៉ូយ៉ាលគ្រុប របស់ លោក គិត ម៉េង សហការគ្នាធ្វើការទប់ស្កាត់ជាមួយគណៈកម្មការរដ្ឋបាលខេត្ត ហាមឃាត់មិនអោយចេញប័ណ្ណកម្មសិទិ្ធ ទូទាំងកោះមានចំនួន ៥៨៤ក្បាលដី និងក្បាលដីផ្សេងទៀត ដែលបានវាស់វែងរួចរាល់ និងបានបិទផ្សាយចប់តាមច្បាប់រួចហើយ ដែលប្រការនេះធ្វើអោយយើងខ្ញុំជាប្រជាពលរដ្ឋទូទាំងកោះរ៉ុងមានការឈឺចាប់ខ្លាំងណាស់ ចំពោះ លោក គិត ម៉េង និង អាជ្ញាធរចៅសង្កាត់ទាំងពីររូបនេះមាន លោក សេង ហួរលាង និង លោក ឈឺន ចន្ថា ដែលមិនអោយពួកខ្ញុំមកទទួលអបអរសាទរវត្តមាន របស់ សម្តេច ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រលើកទី១ ប្រចាំប្រទេសកម្ពុជា ដែលសម្តេច បានសម្រេចចិត្តផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លី នៅលើទឹកដីកោះផ្តល់អោយប្រជាពលរដ្ឋយើងខ្ញុំ។
សូមសម្តេចមេត្តា អន្តរាគមន៍ដល់ពួកយើងខ្ញុំ ដើម្បីបានចូលរួមក្នុងកម្មវិធីជាប្រវត្តិសាស្ត្រនេះផង ព្រោះយើងខ្ញុំទាំងអស់គ្នា មានការជឿជាក់ថា មានតែសម្តេចទេដែលមើលឃើញនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ ព្រោះនៅទីណាប្រជាពលរដ្ឋមានទុក្ខលំបាក គឺនៅទីនោះពិតជាមាន សម្តេច ជួយដោះស្រាយទុក្ខលំបាកគ្រប់បែបយ៉ាង។
យើងខ្ញុំសូមសំណូមពរ សម្តេចមេត្តា ជួយអន្តរាគមន៍ទៅអាជ្ញាធរ មេត្តាផ្តល់ប័ណ្ណកម្មសិទិ្ធស្របច្បាប់ដល់ពួកយើងខ្ញុំ ដែលជាម្ចាស់ដីនៅលើកោះបន្ទាប់ពីបានធ្វើការវាស់វែងចប់សព្វគ្រប់តាមនិតិវិធីច្បាប់។
បន្ថែមលើលិខិតអន្តរាគមន៍ខាងលើ ប្រជាពលរដ្ឋមួយចំនួនរស់នៅលើសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ដែលមិនទាន់ទទួលបានប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី និងបានចោទថា ត្រូវក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ប្តឹងជំទាស់មិនឲ្យចេញប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់ និងពលរដ្ឋខ្លះទៀតកំពុងមានទំនាស់ដីធ្លី ជាមួយអង្គភាពមូលដ្ឋានកងទ័ពជើងទឹកមករំលោភយកដីធ្លីពួកគាត់ ថ្លែងថា នឹងចាំមើលប្រសិទ្ធភាពនៃការដំណោះស្រាយបញ្ហាដីធ្លី របស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជូនពួកគាត់ មានលទ្ធផលបែបណា ក្រោយពេល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជា ឲ្យជួយដោះស្រាយបញ្ជប់វិវាទដីធ្លីនៅលើកោះរ៉ុង កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកាសអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ៥ របស់ក្រុមហ៊ុនរ៉ូយ៉ាល់សេនកោះរ៉ុង (The Royal Sands Koh Rong) កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង។ សម្តេចក៏បានលើកយកបញ្ហាទំនាស់ដីធ្លី ដើម្បីដាក់ជូន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី ឲ្យបន្តដោះស្រាយបញ្ចប់ដីធ្លី នៅលើកោះរ៉ុងខេត្តព្រះសីហនុឲ្យមានប្រសិទ្ធភាព និងជាស្ថាពរ។
នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយ ដែលបានអញ្ជើញមកកាន់កោះរ៉ុងជាលើកទី១ និងមោទនភាព ចំពោះការវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ ដើម្បីបំពេញសេចក្តីត្រូវការ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដល់ក្រសួងជំនាញពាក់ព័ន្ឋទាំងអស់ គឺមិនត្រូវអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគទាំងអស់ សាងសង់សំណង់ខ្ពស់ជាង ៣ជាន់ទេ នៅតាមបណ្តាឆ្នេរកោះបែបនេះ។ សម្តេចតេជោ សង្ឃឹមថា នឹងមានកោះជាច្រើនទៀត ដែលមានការវិនិយោគកើតឡើងជាបន្តបន្ទាប់ដូចកោះរ៉ុងនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ចុងក្រោយថា កោះរ៉ុង និងកោះដទៃទៀត នៅក្នុងប្រទេសកម្ពុជា គឺជាកោះរបស់រដ្ឋ មិនមែនជារបស់ឯកជននោះទេរួមទាំងកោះរ៉ុងនេះ ក៏មិនមែនជា របស់ ឧកញ៉ា គិត ម៉េង ដែរ។ ប៉ុន្តែរាជរដ្ឋាភិបាល បានប្រគល់សិទ្ឋិជូនក្រុមហ៊ុន Royal Group ដើម្បីអភិវឌ្ឍន៍ក្នុងរយៈពេលសមស្របមួយ ដែលបានកំណត់ដោយអាជ្ញាប័ណ្ណវិនិយោគ៕ ដែន សីមា