ខេត្តសៀមរាប៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសឡើងវិញ និងទទួលទេសចរណ៍ចាក់ វ៉ាក់សាំងពេញលេញ នេះជាលើកដំបូងហើយ ដែលកម្ពុជា បានស្វាគមន៍អ្នកទេសចរចម្រុះជាតិសាសន៍ចំនួន៦៧នាក់ ដែលបានមកដល់ប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះហើរ នៃយន្តហោះរបស់ក្រុមហ៊ុន សាំងកាពួ អ៊ែរឡាញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
ក្នុងឱកាសទទួលស្វាគមន៍ការមកដល់អ្នកទេសចរណ៍ទាំង៦៧នាក់នេះ អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានចាត់ទុកថា ការមកដល់របស់អ្នកទេសចរអន្តរជាតិនេះ ជាសញ្ញាល្អមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសខេត្តសៀមរាប។ ឯកឧត្តមបន្តថា នេះជាលើកដំបូងហើយដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏ដូចជាខេត្តសៀមរាប បានទទួលអ្នកទេសចរលើកដំបូង បន្ទាប់ពីអាក់ខានប្រមាណជា២ឆ្នាំ ដោយសារវិបត្តិឆ្លងរាលដាលនៃជំងឺកូវីដ១៩។
គួរបញ្ជាក់ថា បើយោងតាម ឯកឧត្តម ប៊ុន រដ្ឋា ដែលជានាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឱ្យដឹងថា មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ បានប្រកាសចាប់ផ្តើមហោះហើរមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ពោលគឺ ក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ ធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់សិង្ហបុរី ជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines) ក៏នឹងធ្វើការហោះហើរពីភ្នំពេញទៅកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាប ទៅទីក្រុងបាងកក និងពីទីក្រុងបាងកក មកកាន់សៀមរាប ដោយឆ្លងកាត់ភ្នំពេញ ក្នុងមួយសប្តាហ៍ពីរជើង៕