សៀមរាប ៖ ថៅកែលក់គ្រឿងបន្លាស់រថយន្តក្រុងសៀមរាបត្រូវបានឃាតករប្រើកាំបិតចុងស្រួច ចាក់ចំបំពង់ក បណ្ដាលឲ្យស្លាប់ប្រមូលយកទ្រព្យសម្បត្តិរួចគេចខ្លួនបាត់ ហើយជនល្មើសបានដោះយកកាមេរ៉ាសុវត្ថិភាពទៅជាមួយដើម្បីបំបាត់ភស្តុតាង។
នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា សមត្ថកិច្ចចម្រុះរួមទាំងមាន ប៉េអឹម ប៉ូលិស ពេទ្យ ខេត្តដឹកនាំសម្របសម្រួលដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវករណីឃាតកម្មមួយ កើតឡើងនៅក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែមេសានេះ ស្ថិតនៅក្នុងផ្ទះ ជនរងគ្រោះ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជនរងគ្រោះឈ្មោះ ពិត សំណាង អាយុ៤៣ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត និង សម្បករថយន្ត ត្រូវបានឃាតករយកកាំបិតចិតបន្លែដងជ័រ ប្រវែង០,៣៤សង់ទីម៉ែត្រ ចាក់ចំបំពង់កសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ដូចជា ខ្សែកមួយខ្សែ ទម្ងន់៣ដំឡឹង២ជី ចិញ្ចៀនពេជ្រ១វង់ ទូរស័ព្ទ៣គ្រឿង និងម៉ាស៊ីនកាមេរ៉ាសុវត្ថិភាព ១គ្រឿង និងលុយមួយចំនួន៕ ដោយ៖បញ្ញាស័ក្តិ