ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២១ នេះ បានសម្រេចចេញដីកា បង្គាប់ឲ្យឃុំខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បញ្ជូន ទៅដាក់នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ រំលោភយកដីព្រៃលិចទឹកដីជាង២០០០ ហិកតារ នៅក្នុងតំបន់ បឹងទន្លេសាប ស្ថិតនៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
យោងតាមការដីការបស់លោកចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ លោក កូវ សៅ បានអោយដឹងថាជនជាប់ចោទ២នាក់ខាងលលនេះ ឈ្មោះ ស៊ុ សុជាតិ ភេទប្រុស អាយុ ៥១ ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទ: “បំផ្លាញ និង គៃបំបាត់, បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក, បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់” ។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ ៥៩ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ: ” បំផ្លាញ និង គៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក និងបទមិនប្រកាសទ្រព្យសម្បត្តិ និង បំណុល” ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ នៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ជនជាប់ចោទ ឈ្មោះ ស៊ុំ សុជាតិ និង ឈ្មោះ កែវ ណារុន ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចអង្គភាពប្រឆាំងអំពីពុករលួយ ឬ ACU កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ ជាបពាក់ព័ន្ធនឹងការ រំលោភយកដីព្រៃលិចទឹកដីកម្ពុជា ជាង២០០០ ហិកតា នៅក្នុងតំបន់បឹងទន្លេសាប ស្ថិតនៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



