ភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមប្រព័ន្ធវីដេអូ។

បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៩ នឹងពិនិត្យមើលឡើងវិញនូវ វឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះកន្លងមក និងដាក់ចេញនូវទិសដៅ អនាគតនៃទំនាក់ទំនងទ្វេភាគី សំដៅបន្តពង្រឹងកិច្ចសម្របសម្រួលដ៏ជិតស្និទ្ធ និងពង្រីកបន្ថែមទៀត នូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំរបស់គណៈកម្មការចម្រុះតាម ប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនង ដ៏ជិតស្និទ្ធ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្រោមស្មារតីមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាង ល្អរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី











