Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការមកដល់នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដល់ប្រទេសកម្ពុជា

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដ១៩ នៅលើសកលលោក កាលពីខែមុន រដ្ឋាភិបាលជប៉ុន បានប្រកាសថានឹងផ្តល់ជូនព្រះរាជាណាចក្រកម្ពុជា នូវវ៉ាក់សាំង AstraZeneca ដែលត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO EUL) និងបានផលិតនៅក្នុងប្រទេសជប៉ុន ចំនួនប្រមាណ៣០ម៉ឺនដូស។ វ៉ាក់សាំងទាំងនេះ បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ខែធ្នូ។

ការសម្រេចផ្តល់វ៉ាក់សាំងទាំងនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើចំណងមិត្តភាព រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ព្រមទាំងស្ថានភាពបច្ចុប្បន្នរបស់ពិភពលោក ជាពិសេសការលេចចេញនូវវីរុសកូវីដ-១៩បំប្លែងថ្មី។

ការបរិច្ចាគនេះ គឺពីរដ្ឋាភិបាលជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ COVAX Facility និងគាំទ្រដោយយូនីសេហ្វ(UNICEF) និងអង្គការសុខភាពពិភពលោក(WHO)។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីក្នុងអំឡុងពេលបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងការពង្រឹងប្រព័ន្ធសុខាភិបាល និងការកែលម្អការថែទាំវេជ្ជសាស្ត្រពិតជាមានភាពចាំបាច់ណាស់។

ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋាភិបាលជប៉ុន បានសន្យាថានឹងបរិច្ចាគវ៉ាក់សាំងទ្វេដង ពីប្រមាណ៣០លានដូស ដល់ប្រមាណ៦០លានដូស។ បន្ថែមពីនេះ ប្រទេសជប៉ុន ក៏បានសន្យាផ្តល់ថវិកាចំនួន ១ ពាន់លានដុល្លារដល់ COVAX Facility ផងដែរ។ មកទល់ពេលនេះ ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីទប់ទល់នឹងជម្ងឺកូវីដ១៩ ជាមួយនិងការគាំទ្រពីដៃគូរបស់យើងគឺយូនីសេហ្វ (UNICEF) និងចៃកា (JICA) រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាច្រើនរួមមាន ការផ្ដល់ឧបករណ៍បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រវិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន និងការផ្គត់ផ្គង់ឧបករណ៍ប្រព័ន្ធត្រជាក់ជាដើម។

រដ្ឋាភិបាលជប៉ុន ក៏បានបានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានយកទៅប្រើប្រាស់ ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

ប្រទេសជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍ បរិក្ខារចាំបាច់។ ស្ថានទូតជប៉ុនសង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះ នឹងអាចជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺកូវីដ១៩ ក៏ដូចជាអាចបន្ធូរបន្ថយ ក្តីកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×