ភ្នំពេញ ៖ បើតាម Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសព័ត៌មាននាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាង កម្ពុជា-ចិន បានឈានដល់កម្រិតជាង ១ម៉ឺនលានដុល្លារក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ ដែលទំហំទឹកប្រាក់នេះ សម្រេចមុនផែនការរបស់មេដឹកនាំនៃប្រទេសទាំង២ ដែលបានប្តេជ្ញាជំរុញរួមគ្នាឲ្យសម្រេចនៅក្នុងឆ្នាំ២០២៣ឯណោះ។
Facebook ផ្លូវការរបស់ស្ថានទូតចិនបានសរសេរថា យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ឲ្យដឹងថា រយៈពេល ១០ខែ នាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង ចិន-កម្ពុជា មានទឹកប្រាក់ឈានដល់ ១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។

តួលេខនេះ លើសពីចំនួន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្តេជ្ញាថា នឹងឈានដល់កម្រិត ១ម៉ឺនលានដុល្លារអាមេរិក នៅឆ្នាំ២០២៣, ប៉ុន្តែពេលនេះ ត្រឹមតែ១០ខែ ក្នុងឆ្នាំ២០២១ប៉ុណ្ណោះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះ សម្រេចបានរហូតដល់ជាង ១ម៉ឺនដុល្លារបាត់ទៅហើយ។
គួររំលឹកថា ពេញមួយឆ្នាំ២០២០ កន្លងទៅនេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានជាង ៨,១១៨លានដុល្លារ ធ្លាក់ចុះ ៥.២ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានចំនួនជាង ៨,៥៦៣លានដុល្លារ។
បើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់កម្ពុជា បញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដែលរំពឹងថា នឹងជំរុញឲ្យមានសកម្មភាពពាណិជ្ជកម្ម និងវិនិយោគកាន់តែកើនឡើងថែមទៀតរវាងកម្ពុជា និងចិន។
គួរបញ្ជាក់ថា ទំនិញកម្ពុជាដែលនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន ៖ អង្ករ , ចំណិតដំឡូងក្រៀម , ស្វាយស្រស់ , គ្រាប់ស្វាយចន្ទី និងទំនិញផ្សេងជាច្រើនមុខទៀត ខណៈទំនិញនាំចូលពីចិនមកវិញ មានដូចជា គ្រឿងអេឡិចត្រូនិច គ្រឿងបរិភោគកែច្នៃ ជាដើម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









