Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ពិន្ទុប៉ុន្មានត្រូវបានកំណត់ឱ្យជាប់ សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺយកត្រឹម២៣៧ពិន្ទុជាប់

ភ្នំពេញ ៖ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១នេះ បានសន្និសីទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅទីស្ដីការក្រសួង។

ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងថា តើពិន្ទុប៉ុន្មានត្រូវបានកំណត់ឱ្យជាប់ សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ? របបពិន្ទុ ប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសា តាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់ គឺ ៥០០ ដក ២៥ រួចចែកនឹង២ ស្មើនឹង ២៣៧,៥ពិន្ទុ យកត្រឹម២៣៧ពិន្ទុជាប់។

រដ្ឋមន្រ្តីក្រសួងអប់រំ បានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ ឱ្យបានត្រឹមត្រូវ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ឱ្យបានត្រឹមត្រូវ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

កាលបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំនេះ រួមមាន ៖ ដំណើរការសំណេរ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ , ដំណើរការកំណែ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ និងដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២២។

ក្រសួងកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ ។

ក្នុងឆ្នាំសិក្សា ២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣ នាក់ ស្រី ៦០-៣៩៧ នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពី វិទ្យាល័យអប់រំពិសេស។

មណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤៦១៦ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ ។

វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសា ប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម និងមាន៧មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរគឺ ទម្រង់វិញ្ញាសាចម្លងដាក់លើក្ដារខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន។

គណៈមេប្រយោគ និងគណៈកម្មការនានាដែលចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១៤៣២ នាក់។ ក្រសួង បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នចំនួន៧ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស,អង្គភាពប្រឆាំងអំពើពុករលួយ, សហព័ន្ធសហភាពយុវជនកម្ពុជា, អគ្គិសនីកម្ពុជា និងក្រុម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

ក្រសួងនឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី-ខេត្ត ពីរដង គឺលើកទី១ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះរបស់ខ្លួន និងលើកទី២នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្ដងទៀតអំពី មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ ព្រមទាំងវាស់កម្ដៅ សីតុណ្ហភាពរបស់បេក្ខជន។

បេក្ខជនទាំងអស់ត្រូវមកទទួលការវាស់ស្ទង់ក , ពិនិត្យសុខភាព និងទទួលស្ទីកឃឺរកម្ដៅធម្មតា នៅតាម មណ្ឌលសំណេរនីមួយៗ នៅមុនថ្ងៃប្រឡងមួយថ្ងៃ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១) និងត្រូវពាក់ម៉ាស់ជាប់ជាប្រចាំនៅក្នុង មណ្ឌលប្រឡង ចំពោះបេក្ខជនដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងស្ថិតនៅក្នុងអំឡុងពេល ចត្តាឡីស័ក ត្រូវធ្វើស្វ័យប្រកាសយ៉ាងតិចមួយថ្ងៃមុនដំណើរការសំណេរ រីឯបេក្ខជនដែលមានកម្ដៅលើសពី ៣៧,៥ អង្សាសេ ឬមានរោគសញ្ញាផ្សេងៗដូចជា ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវធ្វើតេស្ករហ័សរកមេរោគកូវីដ ១៩ នៅទីតាំងសុខាភិបាលដែលកំណត់ដោយអាជ្ញាធរដែនដីរាជធានី ខេត្ត និងត្រូវយកលិខិតបញ្ជាក់លទ្ធផលអវិជ្ជមាន កូវីដ-១៩ ពីភ្នាក់ងារសុខាភិបាលមកបង្ហាញនៅមណ្ឌលប្រឡងវិញ ដើម្បីទទួលការអនុញ្ញាតឲ្យចូលប្រឡង។

ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបាន ល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ ប្រឡងជាដាច់ខាត។ ក្នុងករណ៏រកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវ បានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×