ភ្នំពេញ ៖ ការភ្ញាក់ផ្អើលលើករណីក្រុមចោរប្ល.ន់ប្រដាប់អា.វុធក្នុងផ្ទះអ្នកលក់ឡេដ៏ល្បី គឺលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ដែលដំបូងៗជនរងគ្រោះបានអះអាងទាំងផិតភ័យប្រាប់សមត្ថកិច្ច ដែលចុះទៅដល់ទីតាំងកើតហេតុថា ខ្លួនបាត់បង់ទ្រព្យសម្បត្តិអស់ជាង ៩លានដុល្លារ ប៉ុន្តែលុះក្រោយមកបាត់ភាពស្លន់ស្លោ និងបន្ទាប់ពីសមត្ថកិច្ចចម្រុះបានសួរនាំច្បាស់លាស់ទៅ ទើបជនរងគ្រោះបញ្ជាក់ថា ខ្លួនបាត់បង់តែខ្សែក៣ខ្សែប៉ុណ្ណោះ ដែលរឿងនេះធ្វើឲ្យមហាជនពិបាកជឿ , ប៉ុន្តែដោយសារមានការបកស្រាយពីសមត្ថកិច្ចទៅហើយ ប្រជាពលរដ្ឋ និងមហាជន ក៏ព្រមជឿសិនទៅ។

សូមបញ្ជាក់ថា ករណីចូលប្ល.ន់ក្នុងផ្ទះលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានកើតឡើងនាវេលាម៉ោង១០:៥០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្មាំ២០២១ នៅក្នុងបុរី Moon town ស្ថិតនៅតាមផ្លូវបេតុងចំណុចផ្ទះវីឡា លេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, អស់ពេលជាច្រើននាទី ទើបផ្ទុះការផ្អើលឆោឡោរាយការណ៍ដល់សមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវបន្ទាន់ ប៉ុន្តែមិនទាន់ស៊ើបដឹងដានចោរដែលកំពុងរត់គេចខ្លួននោះទេ, ហើយភ្លាមៗនោះ ក្រុមជនរងគ្រោះអះអាងថាដោយសារភាពស្លន់ស្លោខ្លាំងពេកក៏ប្រាប់សមត្ថកិច្ចថា គ្រឿងអលង្ការសរុបជាទឹកប្រាក់ប្រហែលជាង ៩លានដុល្លារ ត្រូវបានក្រុមចោរប្រដាប់អាវុធមានគ្នា ៤នាក់ប្រមូលយកចេញទៅ។
លុះមកដល់ព្រលប់ថ្ងៃដដែល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះការ ចុះផ្សាយពីការបាត់បង់គ្រឿងអលង្ការដ៏ច្រើនលើសលុបនេះ និងសូមបញ្ជាក់ជូនសារធារណជនទាំងអស់ឱ្យបានជ្រាបថា នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វើការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាស់លាស់លើករណីនេះ ជាក់ស្តែងតាមចម្លើយជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា បាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ»។

សូមរំលឹកថា តាមប្រភពព័ត៌មានពីក្រុមម្ចាស់ផ្ទះបានឲ្យដឹងក្រោយពេលកើតហេតុភ្លាមៗថា មានក្រុមចោរប្លន់ប្រដាប់អាវុធ ៤នាក់ បានចូលប្លន់ប្រមូលយកគ្រឿងអលង្ការអស់ពីក្នុងផ្ទះអ្នកលក់ឡេដ៏ល្បី គឺលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ដោយបន្លំខ្លួនជាសមត្ថកិច្ចភូតកុហកថា ជាក្រុមចុះអនុវត្តសាលដីកាដែលតាមពិត គឺក្លែងក្លាយ ក្នុងនោះពួកគេបានចាប់ចងម្ចាស់ផ្ទះប្រមូលយកប្រាក់ និងគ្រឿងអលង្ការ សរុបជាង ៩លានដុល្លារ រួចហើយចាកចេញយ៉ាងប្រញាប់ប្រញាល់បាត់ទៅ។
បើតាមការបង្ហើបពីសមត្ថកិច្ចក្រោយសាកសួរម្ចាស់ផ្ទះដែលមានងារជាឧកញ៉ា អ៊ាន សៀវម៉ី ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះមួយទៀត នៅឯខេត្តកំពង់ស្ពឺ ក៏ស្រាប់តែមានបុរសមួយក្រុមគ្នា ៤នាក់ (អង្គុយក្នុងឡាន១នាក់, ឡានម៉ាក GS អត់ស្លាកលេខពណ៌ស)។ ក្នុងចំណោមបុរស ៤នាក់នោះ មានម្នាក់ពាក់ស័ក្តិ៤ ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ក្រុមជនរងគ្រោះថា ពួកគេមកពីក្រសួង ចុះអនុវត្តដីកា។

បើតាមសមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា ក្រុមជនសង្ស័យប្រដាប់ដោយអាវុធវែង១ដើម (ម៉ាកអ៊ឹមសី) និងខ្លី ៣ដើម បានបញ្ចូលគ្រាប់ភ្ជង់ក្រុមជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ក្រុមជនរងគ្រោះ ហើយក្រៀកនាំយក អ្នកស្រីឧកញ៉ា អ៊ាន សៀវម៉ី ឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្ការ ហើយគំរាមឲ្យបើកទូដែក យកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលពួកជនសង្ស័យយកមកជាមួយត្រៀមរួចជាស្រេច។
ក្រោយហេតុការណ៍បន្តិច និងដោយសមត្ថកិច្ចមានការមមាញឹកផងនោះ ដំបូងឡើយបានបង្ហើបប្រាប់ក្រុមអ្នកព័ត៌មានក្នុងស្រុកថា សរុបទ្រព្យសម្បត្តិដែលជនសង្ស័យប្លន់យកទៅនោះ មានតម្លៃប្រហែលជាង ៩លានដុល្លារ (គឺសមត្ថកិច្ចទទួលព័ត៌មាន ពីជនរងគ្រោះក្រោយពេលកើតហេតុភ្លាមៗ)។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំងអស់ បានស្រែកហៅរហស្សនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានដោះយកយកក្បាលកាមេរ៉ាសុវត្ថិភាព រួច នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុងរួចជាស្រេច ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាង រួមមាន៖ ខ្នោះដៃចំនួន ៤ និងដីកា ១សន្លឹក ប៉ុណ្ណោះ។
នៅឯភូមិគ្រឹះកើតហេតុ ក្រោយពេលក្រុមចោរប្លន់ចាក់ចេញទៅ គេកត់សម្គាល់ឃើញមានកម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលជំនាញពាក់ព័ន្ធក្រសួងមហាផ្ទៃ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសហការពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីតាមចាប់ជនសង្ស័យ, ប៉ុន្តែមិនទាន់ស៊ើបដឹងមុខសញ្ញាក្រុមចោរលាក់ខ្លួននៅទីណា នៅឡើយទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





