ករណីប្រជាពលរដ្ឋហាលស្រូវ លើចំណីផ្លូវសាធារណៈ នោះមិនមែនជារឿងទើបកើតឡើងនោះទេ ព្រោះថា នេះគឺជាទម្លាប់របស់ប្រជាពលរដ្ឋ រស់នៅតាមទីជនបទស្រែយើងទៅហើយ។ មូលហេតុដែលនាំឲ្យពួកគាត់ ហាលស្រូវនៅលើដងផ្លូវ គឺដោយសារ អ្នកខ្លះខ្វះទីកន្លែងហាលនៅក្នុងបរិវេណផ្ទះ ដោយហេតុផលផ្ទះលិចទឹកជាដើម ប៉ុន្តែ ពួកគាត់មួយចំនួនធំ ក៏ពុំហាលរំលោភជ្រុលហួសហេតុពេកដែរ ហើយក៏ហាលត្រឹមតែជាយៗចិញ្ចើមផ្លូវប៉ុណ្ណោះ។
តែទោះយ៉ាងណា សម្រាប់ករណីនេះ គឺពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់ ដែលអ្នកភូមិមួយ បានហាលស្រូវរំលោភរហូតពាក់កណ្តាលផ្លូវជាតិតែម្តង ហើយបណ្តាលឲ្យស្រ្តីម្នាក់ជិះម៉ូតូដួលរងគ្រោះថ្នាក់គួរឲ្យអាសូរ។ បើតាមការសន្និដ្ឋាន គឺប្រហែលជាគាត់គេចរថយន្ត ហើយចូលកន្លែងហាលស្រូវ រអិលដួលតែម្តង។
ទាក់ទងនឹងសំនួរចោទសួរថា ក្រោយពីបានឃើញបែបនេះ តើនរណាត្រូវនរណាខុស? មហាជនបានមានមតិលើកឡើងថា ម្ចាស់ស្រូវជាអ្នកទទួលខុសត្រូវ ព្រោះផ្លូវសំរាប់តែធ្វើចរាចរណ៍ទៅមក មិនមែនកន្លែងហាលស្រូវទេ, ត្រូវតែពិន័យឲ្យធ្ងន់ ដើម្បីកុំឲ្យអ្នកដទៃបន្តធ្វើរឿងនេះទៀត។
ទោះយ៉ាងណា ករណីដ៏មិននឹកស្មានដល់នេះ ប្រភពចែករំលែក ពុំបានបញ្ជាក់ពីកន្លែងកើតហេតុ នៅទីណានោះទេ ដោយគ្រាន់តែចង់សួរថា ក្នុងគ្រោះថ្នាក់នេះ តើត្រូវបន្ទោសអ្នកណា?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




