ភ្នំពេញ ៖ បុរសជាងជួសជុលម៉ាស៊ីនសាឡង់ខ្សាច់ម្នាក់ បើកទូកស្មាច់រួមដំណើរដោយបុរស២នាក់ទៀត បើកទូករលត់ម៉ាស៊ី ត្រូវរលកធំបោកខ្ទប់សាឡង់ខ្សាច់ លិចទូកហែលរួចខ្លួន២នាក់ ម្នាក់ទៀតបាត់ខ្លួន៤ថ្ងៃ ប្រជានេសាទប្រទះឃើញសព អណ្ដែតទឹកច្រាំងទន្លេកោះនរាហ៍។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ ស្ថិតនៅចំណុចច្រាំងកោះនរាហ៍ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ទន់ លី អាយុ២៤ឆ្នាំ មុរបរជាងម៉ាស៊ីន ស្នាក់នៅផ្ទះលេខ០៥៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានប្រពន្ធ មានកូនស្រីតូចអាយុ៦ឆ្នាំ ម្នាក់ នៅក្នុងបន្ទុក កាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ ជនរងគ្រោះ បានបើកទូកស្មាច់មួយគ្រឿង រួមដំណើរជាមួយបុរស២នាក់ទៀត បានជិះទៅជួសជុលម៉ាស៊ីនសាឡង់ខ្សាច់ ខណៈទៅដល់សាឡង់ខ្សាច់ទូករលត់ម៉ាស៊ីន ជនរងគ្រោះកំពុងជួសជុលម៉ាស៊ីន ក៏មានរលកធំបោកទូកទៅខ្ទប់សាឡង់ បណ្ដាលលិចទូកបាត់ និងជនរងគ្រោះបាត់តែម្ដង ចំណែកបុរស២នាក់ទៀត បានហែលឡើងសាឡង់រួចខ្លួន បន្ទាប់មកក៏បាននាំគ្នាមុជរាវរកសពជនរងគ្រោះ តែរកមិនឃើញ រហូតនៅព្រឹកថ្ងៃទី២០ខែឆ្នាំដដែល ទើបប្រជាពលរដ្ឋប្រទះឃើញ ក៏បាននាំគ្នាទៅលើកសព យកមកធ្វើបុណ្យតាមប្រពៃណី នៅវត្តទួលសង្កែតែម្ដង។
ក្រោយមកសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះមកដល់ទីតាំងកន្លែងធ្វើបុណ្យសព ដោយក្រុមគ្រួសារសាច់ញាតិសព មិនធ្វើការប្ដឹងផ្ដល់នោះទេ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម







