ភ្នំពេញ ៖ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចេញសេចក្តីសម្រេច បង្គាប់ឱ្យយកសំណុំរឿង ០០៣ ដែលមានជនត្រូវចោទ មាស មុត ទៅបោះត្រា និងដាក់បញ្ចូលក្នុងបណ្ណសារដ្ឋាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។ សេចក្តីសម្រេចនេះត្រូវបាន ធ្វើឡើងក្រោយ អង្គជំនុំជម្រះតុលាការកំពូលកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ បានបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិ សុំបញ្ជូនសំណុំរឿង ០០៣ ប្រឆាំងនឹង មាស មុត ទៅជំនុំជម្រះ។
សហចៅក្រមស៊ើបអង្កេតទាំងពីរ គឺលោកចៅក្រមជាតិ យូ ប៊ុនឡេង និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ម៉ៃឃើល បូឡន់ឌ័រ បានលើកឡើងក្នុងសេចក្តីសម្រេចថា ៖«នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ អង្គជំនុំជម្រះតុលាការកំពូល បានប្រកាសថា សំណុំរឿងប្រឆាំងនឹង មាស មុត ត្រូវបានបញ្ចប់។ ក៏ប៉ុន្ដែ អង្គជំនុំជម្រះនេះ មិនបានបញ្ជាជាផ្លូវការ ដោយខ្លួនឯងឲ្យបោះត្រា និងតម្កល់ក្នុងបណ្ណសារដ្ឋាននូវសំណុំរឿងនេះទេ»។ សហចៅក្រមស៊ើបអង្កេតទាំង ២ បានបន្តថា ផ្អែកតាមសេចក្ដីសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូល ការិយាល័យសហចៅក្រមស៊ើបអង្កេត (ក.ស.ច.ស. ) មានយុត្ដាធិការក្នុងការបោះត្រា និងតម្កល់ជាផ្លូវការក្នុងបណ្ណសារដ្ឋាន អនុលោមតាមវិធានផ្ទៃក្នុងទី៦៩(២)(ខ) ដែលអនុវត្តដូចគ្នា ក្នុងករណីមានដីកាបញ្ចប់សំណុំរឿង ដែលមិនមែនជាដីកាលើកលែងចោទប្រកាន់តាមខ្លឹមសារធម្មតានៃវិធានផ្ទៃក្នុងទី ៦៧(២)(ក)។ «ផ្អែកតាមសំអាងហេតុទាំងនេះ យើង បង្គាប់ឲ្យ យកសំណុំរឿង ០០៣ ទៅបោះត្រា និងដាក់បញ្ចូលក្នុងបណ្ណសារដ្ឋាន»។ នេះគឺជាលើកឡើងរបស់សហចៅក្រមស៊ើបអង្កេតក្នុង សេចក្តីសម្រេច។

គួររំឭកថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ដោយទទួលបានសំឡេងជាឯកច្ឆ័ន្ទ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចថា “បណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាអន្តរជាតិស្តីពីការខកខានរបស់អង្គបុរេជំនុំជម្រះ ក្នុងការបញ្ជូនសំណុំរឿង ០០៣ ទៅជំនុំជម្រះ ដូចបានតម្រូវដោយក្របខណ្ឌគតិយុត្តរបស់ អ.វ.ត.ក” អាចទទួលយកបានក្នុងផលប្រយោជន៍យុត្តិធម៌។ ពាក្យស្នើសុំត្រូវបានពិចារណាដោយអង្គជំនុំជម្រះភាគច្រើន ដែលផ្តល់ “ភាពច្បាស់លាស់ និងភាពជាក់លាក់ផ្នែកច្បាប់ និង៖
១) បានបដិសេធការយល់ឃើញដែលថា អង្គបុរេជំនុំជម្រះបានតម្កល់ជាឯកច្ឆ័ន្ទនូវសុពលភាពនៃដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹង មាស មុត នៅក្នុង សេចក្តីពិចារណាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយ របស់ខ្លួន។ ២) បានបញ្ជាក់ថា អង្គបុរេជំនុំជម្រះបានបញ្ចប់សំណុំរឿង ០០៣ នៅពេលអង្គជំនុំជម្រះនេះបានចេញសេចក្តីពិចារណារបស់ខ្លួន។ ៣) បានបញ្ជាក់បំភ្លឺថា សំណុំរឿង ០០៣ ត្រូវបានបញ្ចប់ ដោយសារគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះស្ថាពរ និងដែលអាចអនុវត្តបាន។ នៅក្នុងគំនិតផ្ទុយ លោកស្រីចៅក្រម Maureen Harding Clark បានធ្វើការសន្និដ្ឋាននៅក្នុងការយល់ឃើញរបស់លោកស្រីថា «សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះត្រូវតែបដិសេធចោល ហើយសំណុំរឿង ០០៣ ប្រឆាំងនឹង មាស មុត គប្បីត្រូវបញ្ចប់»៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ



