ក្រុមហ៊ុន Moderna Inc បានអះអាងនៅថ្ងៃចន្ទថា កម្រិតវ៉ាក់សាំងដូសជំរុញរបស់ខ្លួននឹងអាចបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការពារមេរោគកូវីដ១៩ និងអាចការពារប្រឆាំងទៅនឹងមេរោគបំប្លែងខ្លួនថ្មីដែលប្រភេទអូមីក្រុង ដែលរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងការធ្វើតេស្តមន្ទីរពិសោធន៍របស់ខ្លួន។ ក្រុមហ៊ុនបន្តថា ជំនាន់វ៉ាក់សាំង Modernaបច្ចុប្បន្ននៃដូសជំរុញគឺជា ខ្សែការពារទីមួយប្រឆាំងនឹងមេរោគប្រភេទថ្មីអូមីក្រុងនេះ។
ក្រុមហ៊ុនផលិតវ៉ាក់សាំងបាននិយាយថា ការសម្រេចចិត្តផ្តោតលើជំនាន់វ៉ាក់សាំង Modernaបច្ចុប្បន្នmRNA-1273 ត្រូវបានធ្វើឡើងជាផ្នែកមួយថាតើមេរោគបំប្លែងថ្មីដែលត្រូវបានប្រកាសរកឃើញនាពេលថ្មីៗនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័សឬយ៉ាងណា។
ក្នុងនោះ ក្រុមហ៊ុនខាងដើមនៅតែគ្រោងនឹងបង្កើតវ៉ាក់សាំងដើម្បីការពារប្រឆាំងជាមួយនឹងមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ ហើយក្រុមហ៊ុនសង្ឃឹមថា នឹងចាប់ផ្តើមការសាកល្បងព្យាបាលនៅដើមឆ្នាំក្រោយនេះ។ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនវ៉ាក់សាំងប្រភេទModerna បានកើនឡើង ៦.៧% ដល់ $៣១៤.៥១ ក្នុងការលក់ដំបូង។
បន្ថែមពីនេះ ក្រុមហ៊ុនបានឱ្យដឹងថា សម្រាប់វ៉ាក់សាំងពីរដូសរបស់ខ្លួន គឺបានបង្កើតអង្គបដិប្រាណបែបអព្យាក្រឹតទាប ប្រឆាំងទប់ទល់ជាមួយមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ ប៉ុន្តែបើ ពលរដ្ឋប្រើប្រាស់កម្រិតថ្នាំ៥០មីក្រូក្រាម គឺអាចបង្កើនអង្គបដិប្រាណអព្យាក្រឹតប្រឆាំងទល់នឹងមេរោគបំប្លែងថ្មីបានរហូតដល់៣៧ដង និងកម្រិតខ្ពស់ជាង១០០ មីក្រូក្រាម នោះកម្រិតអង្គបដិប្រាណនឹងមានប្រសិទ្ធភាពកាន់តែខ្ពស់ហើយទប់ស្កាត់បានចំនួន៨០ដងផងដែរនៃការឆ្លង។
ប្រធានក្រុមហ៊ុន Moderna លោក Stephen Hoge បានថ្លែងនៅក្នុងសន្និសិទមួយថា ក្រុមហ៊ុន បច្ចុប្បន្នមិនមានគម្រោងបន្តការអនុម័តសម្រាប់ថ្នាំកម្រិតខ្ពស់ជាងនេះទេនោះទេ។ មែនទែនទៅ ទាំងវ៉ាក់សាំងប្រភេទ Moderna និងប្រភេទ Pfizer/BioNTech ត្រូវបានផ្សារភ្ជាប់ទៅនឹងករណីកម្រនៃការរលាកបេះដូង ជាពិសេសចំពោះបុរសវ័យក្មេង។ ហើយការសិក្សាជាច្រើនបានបង្ហាញថា វ៉ាក់សាំងរបស់ Moderna ទំនងជាធ្វើឱ្យរលាកបេះដូងក្នុងអត្រាខ្ពស់ជាងវ៉ាក់សាំងប្រភេទ Pfizer’s ។
ជាក់ស្តែង អង្គការសុខភាពពិភពលោកកាលពីថ្ងៃសៅរ៍កន្លងទៅបានបញ្ជាក់ថា មេរោគប្រភេទអូមីក្រុងដែលត្រូវបានរកឃើញដំបូងកាលពីខែមុននៅអាហ្វ្រិកខាងត្បូង និងហុងកុង បានសាយភាយនៅជុំវិញពិភពលោកទៅហើយ ស្របពេលដែលវាក៏ត្រូវបានគេរាយការណ៍ថាមាននៅក្នុងប្រទេសចំនួន៨៩ផងដែរ៕ ប្រភព៖ US News