ប្រទេសបេឡារុស្សកាលពីថ្ងៃចន្ទបាននិយាយថា មន្ត្រីការទូតរបស់ខ្លួនម្នាក់បានរងរបួសបន្ទាប់ពីមានការវាយប្រហារមួយមកលើស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងឡុងដ៍ ចំពេលមានប្រតិកម្មជាអន្តរជាតិជុំវិញវិបត្តិជនចំណាកស្រុកដែលលោកខាងលិចស្តីបន្ទោសទៅលើអតីតប្រទេសសូវៀត។
ប្រទេសលោកខាងលិចបានចោទប្រកាន់បេឡារុស្សជុំវិញលំហូរនៃជនចំណាកស្រុកនៅតាមព្រំដែនរបស់ខ្លួនជាមួយសមាជិកសហភាពអឺរ៉ុបប៉ូឡូញ ដោយអនុញ្ញាតឱ្យមនុស្សរាប់ពាន់នាក់ឆ្លងកាត់ និងលើកទឹកចិត្តពួកគេឱ្យឆ្លងចូលទៅក្នុងសហភាពអឺរ៉ុបដែលជាទម្រង់នៃការសងសឹកប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប។
ក្រសួងការបរទេសបេឡារុស្សបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានទូតរបស់ខ្លួននៅទីក្រុងឡុងដ៍ ត្រូវបានវាយប្រហារដោយជនសង្ស័យរបស់ «ក្រុមជនអន្តោប្រវេសន៍រ៉ាឌីកាល់»។ក្រសួងការបរទេសបេឡារុសបន្តថា ការវាយប្រហារនេះបានធ្វើឱ្យខូចខាតដល់ផ្នែកខាងមុខនៃអគារនិង វាយប្រហារមកលើមន្ត្រីទូតម្នាក់ដែលបានធ្វើដំណើរមកដល់កន្លែងកើតហេតុ។
ក្រសួងលើកឡើងថា មន្ត្រីទូតម្នាក់ក្នុងចំណោមមន្ត្រីទូតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈជនរងគ្រោះមានលក្ខណៈរបួសច្រមុះ របួសស្រាល និងធ្មេញបាត់។ចំណែក អ្នកវាយប្រហារជាច្រើននាក់ត្រូវបានប៉ូលីសទីក្រុងឡុងដ៍ឃាត់ខ្លួន ខណៈដែលពួកគេព្យាយាមរត់គេចពីកន្លែងកើតហេតុដោយថ្មើរជើង។
ក្រសួងបាននិយាយថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតស្តីទីរបស់ចក្រភពអង់គ្លេស ហើយបានសម្តែងការតវ៉ាយ៉ាងខ្លាំងរបស់ខ្លួនជុំវិញឧប្បត្តិហេតុមួយនេះមកស្ថានភាពរបស់ខ្លួន។ ជាក់ស្តែង ភាពតានតឹងរវាងប្រទេសបេឡារុស្ស និងលោកខាងលិចបានកើនឡើងក្នុងកម្រិតមួយខ្ពស់ ក្នុងប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមេដឹកនាំលោកខាងលិចបានដាក់ការស្តីបន្ទោសចំពោះវិបត្តិជនចំណាកស្រុកលើរបបរបស់លោកប្រធានាធិបតី Alexander Lukashenko ។ ចំណែក បេឡារុស្ស ដែលគ្រប់គ្រងដោយ Lukashenko តាំងពីឆ្នាំ 1994 បានច្រានចោលការចោទប្រកាន់នេះ៕ ប្រភព៖ The News Arab