Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លើទឹកដីកម្ពុជា នឹងមានចុះហត្ថលេខាជាអត្ថប្រយោជន៍រួម

ភ្នំពេញ ៖ ឯកឧត្តម ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីថ្មីរបស់វៀតណាម នឹងមកដល់ទឹកដីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ ក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម ង្វៀន សួនហ៊្វុក នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះទីនាំងទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់គន្ធបុប្ផា ក្នុងព្រះបរមរាជវាំង។

ជាបន្តបន្ទាប់ ឯកឧត្តមប្រធានាធិបតី ង្វៀង ស៊ួនហ្វុក នឹងចូលថ្វាយបង្គំគាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងកន្ត្រកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាវីរ:ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ង្វៀន សួនហ៊្វុក នឹងមានជំនួបដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមប្រធានរដ្ឋ នឹងអញ្ជើញធ្វើជាអធិបតីជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភា និងជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានាធិបតីវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×