ភ្នំពេញ៖ ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតខ្វះខាត និងក្រីក្រ ជាជំនួយផ្នែកហិរញ្ញវត្ថុដ៏មានសារៈសំខាន់បំផុតមិនអាចខ្វះបានពីការចូលរួមចំណែករបស់វិស័យឯកជន ជាពិសេសការផ្តល់នេះ បានចូលរួមលើកទឹកចិត្តឱ្យសិស្សនិស្សិត ខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីចាប់យកចំណេះដឹង និងជំនាញដែលដែលបានខិតខំសិក្សានៅថ្ងៃនេះ និងឆ្លើយតបនាពេលអនាគត់។
ជាក់ស្តែងនិស្សិតឆ្នើមចំនួន ៦រូប ដែលមានជីវភាពខ្វះខាត និងក្រីក្រ បានទទួលអាហារូបករណ៍ពីក្រុមហ៊ុន Panasonic នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានឱកាសបន្តការសិក្សារបស់ខ្លួន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
ក្នុងចំណោមនិស្សិតទាំង ៦ រូបនេះ មាន៤រូបទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ១រូប នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និង១រួបទៀត នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
ការទទួលបានអាហារូបករណ៍ពីក្រុមហ៊ុន Panasonicនេះ ជាអាហារូបករណ៍ដ៏មានតម្លៃបំផុត សម្រាប់សិស្សនិស្សិតក្រីក្រ ដែលមានជីវភាពខ្វះខាត។
កម្មវិធីអាហារូបករណ៍របស់ Panasonic ប្រចាំអាស៊ី ត្រូវបានបង្កើតឡើង ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី 80 របស់ក្រុមហ៊ុន នៅក្នុងឆ្នាំ 1998 ដែលជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស។ ការផ្តល់អាហារូបករណ៍នេះ ក៏ជាការរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព និងផ្ដល់ឱកាសដល់អ្នកដឹកនាំជំនាន់ក្រោយ នៅក្នុងប្រទេសកម្ពុជា តៃវ៉ាន់ ឥណ្ឌា ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ ចាប់តាំងពីឆ្នាំ 2019មក អាហារូបករណ៍នេះបានផ្តល់ដល់សិស្ស 19នាក់ហើយ នៅកម្ពុជា។ កម្មវិធីអាហារូបករណ៍នេះ នឹងបន្តនៅឆ្នាំក្រោយៗទៀតផងដែរ។
លោក យ៉ាស៊ូណូប៊ុ ម៉ាស៊ីម៉ូត អគ្គនាយកក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា យើង នឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងការពង្រឹងសមត្ថភាពយុវជនកម្ពុជាជំនាន់ក្រោយឲ្យកាន់តែល្អប្រសើរ”។ “យើងត្រូវអភិវឌ្ឍធនធានមនុស្ស មុនពេលផលិតផលិតផល។ យើងក៏បានលើកទឹកចិត្តដល់និស្សិតគ្រប់គ្នា ឲ្យបន្តក្តីសុបិនរបស់ខ្លួន ហើយមានតែអ្នកដែលមានការប្ដេជ្ញាចិត្តខ្ពស់ប៉ុណ្ណោះ ទើបអាចសម្រេចភាពជោគជ័យនេះបាន៕