Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង លើកឡើងថា គ្រោះថ្នាក់ចរាចរណ៍នៅតែហក់ឡើងខ្ពស់ និងជាបញ្ហារួម ត្រូវដោះស្រាយតាមរយ:គោរពច្បាប់

ខេត្តបាត់ដំបង ៖ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាកម្មវត្ថុបំផ្លាញជីវិត និងទ្រព្យសម្បត្តិដ៏គួរឲ្យព្រួយបារម្ភនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្ន អត្រាគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា ហាក់មានការកើនឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល ជាមួយនឹងការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ។

មានន័យថា នៅពេលជំងឺកូវីដ-១៩ កំពុងតែរីករាលដាលខ្លាំង ប្រជាពលរដ្ឋមិនសូវធ្វើដំណើរ ចំនួនគ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះ ប៉ុន្ដែនៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ធូរស្រាល និងបើកដំណើរការប្រទេសឡើងវិញ ស្រាប់តែមនុស្សម្នាធ្វើដំណើរច្រើនលើដងផ្លូវ នាំឱ្យបញ្ហាគ្រោះថ្នាក់ចរាចរណ៍ហក់ឡើងវិញ ដែលយើងរាល់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធអគារមណ្ឌលទទួលពលករកំរៀង នៅស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១, ដោយសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះជាបញ្ហារួម ដែលត្រូវបន្ដការយកចិត្តទុកដាក់ ព្រោះគ្រោះថ្នាក់នេះបានបង្កឱ្យបាត់បង់ជីវិត បំផ្លាញទ្រព្យសម្បត្តិ និងបន្សល់ទុកឲ្យសង្គមដោះស្រាយ ដូចជា ក្មេងកំព្រា ពិការភាពជាដើម, ដូច្នេះ យើងម្នាក់ៗ ត្រូវតែរួមគ្នាប្រុងប្រយ័ត្ន ដើម្បីកុំឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍។

បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះដែរ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា គិតចាប់ពីត្រីមាសទី១ ដល់ ត្រីមាសទី៣ ឆ្នាំ២០២១នេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ បានបណ្ដាលឲ្យមនុស្សស្លាប់ជាមធ្យម ៤នាក់ក្នុងមួយថ្ងៃ ប៉ុន្ដែចាប់ពីអំឡុងខែតុលាមក ស្រាប់តែកើនឡើងរហូតដល់៥នាក់ក្នុងមួយថ្ងៃ។

នាយឧត្តមសេនីយ៍រូបនេះ បានអះអាងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ ៥៥ភាគរយ គឺកើតឡើងនៅពេលយប់។ បើគិតក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ២, ៣៨៧ករណី ធៀបនឹងឆ្នាំ២០២០ មានចំនួន ២,៩២០ករណី (មានការថយចុះ) , ស្លាប់ចំនួន ១,៣៤៥នាក់ ធៀបនឹងឆ្នាំ២០២០ ចំនួន១,៥០៧នាក់ (មានការថយចុះ) និងរបួស ចំនួន ៣,២៣១នាក់ ធៀបនឹងឆ្នាំ២០២០ ចំនួន ៤,៣៥១នាក់ (មានការថយចុះ)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×