Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច ស ខេង ៖ ករណីគ្រឿងញៀន ជាង២តោន នៅខេត្តកំពង់ស្ពឺ បើសមត្ថកិច្ចបង្ក្រាប មិនទាន់ពេល ហើយនាំចេញទៅក្រៅប្រទេស គឺពិតជាខុសច្បាប់អន្ដរជាតិ

បាត់ដំបង ៖ រាជរដ្ឋាភិបាលកម្ពុជា បង្ហាញការព្រួយបារម្ភកាន់តែខ្លាំងចំពោះការសាយភាយគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីឧក្រិដ្ឋជនបានយកកម្ពុជា ធ្វើជាទីតាំងកែច្នៃ និងផលិតគ្រឿងញៀន ហើយនាំចេញទៅក្រៅប្រទេស។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកបញ្ហាគ្រឿងញៀននេះជារឿងគ្រោះថ្នាក់ធំនាពេលខាងមុខ ប្រសិនបើមិនរួមគ្នាចាត់វិធានការនាពេលនេះ ដ្បិតក្នុងចំណោមអ្នកជាប់ឃុំសរុបមានលើស៥០ភាគរយហើយដែលមានសារធាតុញៀនក្នុងខ្លួន ជាបន្ទុកបញ្ហាដែលរដ្ឋត្រូវដោះស្រាយ។

ក្នុងពិធីសម្ពោដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលទទួលពលករនៅព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា បញ្ហាគ្រឿងញៀន និន្នាការនៃការចរាចរណ៍គ្រឿងញៀននៅលើពិភពលោក ក៏ដូចជាក្នុងតំបន់ អនុតំបន់ មិនមានថមថយទេ ជាពិសេសគឺគ្រឿងញៀនសំយោគ ដែលគ្រឿងញៀនសំយោគនេះ ជាប្រភេទសារធាតុញៀន ដែលគេផ្សំឡើងដោយសារធាតុគីមីផ្សេងៗ ដែលពិបាកក្នុងការត្រួតពិនិត្យ។ យើងទើបចាប់បានប្រមាណ ២តោនជាង នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលនេះគឺជាបញ្ហា។ ពីមុនប្រទេសកម្ពុជា គ្រាន់តែឆ្លងកាត់ ឥឡូវវាមិនមែនឆ្លងកាត់វាទៅជាផលិតផង។ ខ្ញុំមានការបារម្ភណាស់ ប្រសិនបើយើងមិនរួមគ្នា មិនគាំទ្រគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងត្រូវតែឯកភាពគ្នាគាំទ្រ ព្រោះនេះជាបញ្ហាធំណាស់សម្រាប់ជាតិ។

សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនាពេលកន្លងទៅ សម្តេចបានស្នើឱ្យក្រសួងស្ថាប័ន ដែលជាអ្នកមានសិទ្ធិចេញអាជ្ញាប័ណ្ណ ត្រូវចូលរួមសហការ ឬធ្វើជាប្រធានតែម្ដង នៅពេលចុះបង្ក្រាបទីតាំង ដែលមានការសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
គ្រឿងញៀនសំយោគនេះ មានផលពិបាកក្នុងការគ្រប់គ្រងដោយសារវាផ្សំចេញពីសារធាតុគីមី ហើយពួកឧក្រិដ្ឋជន នាំចូលសារធាតុផ្សំនោះបន្ដិចៗ ក្រោមរូបភាពកែច្នៃជាជីកសិកម្មជាដើម លុះនៅពេលនាំចូលគ្រប់មុខ បែរជាមិនផលិតជី ទៅជាផលិតគ្រឿងញៀនវិញ។ ជាក់ស្ដែងដូចការបង្ក្រាបនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រកឃើញសារធាតុផ្សំ ជាង៨០តោន។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ប្រសិនបើមិនមានការចូលរួមគាំទ្រ សហការ ឬឯកភាពគ្នាដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនទេនោះ វានឹងក្លាយជាបញ្ហាធំណាស់សម្រាប់ជាតិ ក្រៅពីការខូចកិត្យានុភាពនៅលើឆាកអន្ដរជាតិ គឺប៉ះពាល់ដល់ធនធានមនុស្សរបស់កម្ពុជាតែម្ដង នៅពេលគ្រឿងញៀនកាន់តែរីកសាយភាយ។ ពិតណាស់ កម្ពុជាមិនចង់ឱ្យបញ្ហាគ្រឿងញៀននេះ កាន់តែរីកសាយភាយ រហូតហួសពេលដូចនៅបណ្ដាប្រទេសមួយចំនួន ដែលឈានដល់ការសម្លាប់ចោលក្រុមឧក្រិដ្ឋជនគ្រឿងញៀននោះទេ។ សម្ដេចចាត់ទុកថា ការសម្លាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននោះ គឺជាជម្រើសចុងក្រោយ ប៉ុន្ដែមិនមែនមានន័យថា សម្ដេចគាំទ្រឲ្យមានការសម្លាប់ ដែលសម្ដេចចង់មានន័យថា មិនត្រូវទុកឲ្យកម្ពុជាធ្លាក់ចូលស្ថានការណ៍បែបនោះឡើយ។

សម្ដេច ស ខេង បានថ្លែងឲ្យដឹងថា ចំពោះបញ្ហាគ្រឿងញៀន មិនថមថយឡើយ ទាំងក្នុងតំបន់ និង សកលលោក ជាពិសេស គ្រឿងសំយោគ គឺជាសាធាតុញៀនផ្សំឡើង ដោយសារគីមីផ្សេងៗ យកមកបូកបញ្ចូល ទើបសមត្ថកិច្ចពិបាក ក្នុងការត្រួតពិនិត្យ ដូច្នេះសមត្ថកិច្ចត្រូវព្យាយាម បង្ក្រាបបន្ថែមទៀត។

សម្ដេចបានមានប្រសាសន៍ថា រោងចក្រធ្វើស្វាយ ខាងមុខបិទបាំង ប៉ុន្ដែខាងក្រោយផលិតគ្រឿងញៀន ទោះបីថា ដឹកចេញ អាគ្រឿងញៀន ផលិតហើយ ដឹកយកទៅលក់នៅកន្លែង ណាក៏ដោយ យើងក៏មិនត្រូវបណ្ដែតបណ្តោយ អនុញ្ញាតទេ ពីព្រោះខុសច្បាប់អន្ដរជាតិ ហើយធ្វើឲ្យកិត្យានុភាព មុខមាត់របស់យើងវាខូច ។ ចេញមកពីណា មកពីកម្ពុជា កាលពីមុនគេថា ប្រទេសកម្ពុជា គ្រាន់តែឆ្លងកាត់ ឥឡូវមិនមែនឆ្លងកាត់ផង ទៅផលិត។

សម្ដេចក្រឡាហោម ស ខេង បានអះអាងដែរថា បច្ចុប្បន្នអ្នកជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ នៅទូទាំងប្រទេសមានប្រមាណ ៣៨,០០០នាក់ ក្នុងនោះមាន ៥១ភាគរយ ជាអ្នកទោសគ្រឿងញៀន។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបំបែកសំណុំរឿងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមួយករណី ដែលក្រុមឧក្រិដ្ឋជនបម្រុងនាំចេញទៅក្រៅប្រទេស បានដោយជោគជ័យ និងឈានទៅដល់ការរឹបអូសគ្រឿងញៀនប្រភេទ កេតាមីន (ម្ស៉ៅខេ) សរុបជាបន្ដបន្ទាប់ ជាង២តោន ខណៈសារធាតុគីមីផ្សំរហូតដល់ ៨០តោន។

ការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំដែលមិនធ្លាប់មាននៅកម្ពុជា កម្លាំងនគរបាលជំនាញ បានចាប់ខ្លួនក្រុមឧក្រិដ្ឋជន ដែលសុទ្ធតែជាមេក្លោងចំនួន៤នាក់ ក្នុងនោះម្នាក់ស្លាប់ ដោយសារការប៉ះទង្កិចគ្នាដោយអាវុធមួយប្រាវ ពេលកំពុងប្រតិបត្តិការបង្ក្រាប នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា (ផ្លូវបំបែកស្រែអំបិល) ខេត្តព្រះសីហនុ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×