Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តើ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គួរ​ចាត់​ការ​បែបណា​ ចំពោះ​​​មន្ត្រី​​​ច្រកទ្វារចាំ​យាម​​​ខេត្តកោះកុង ដែល​ពល​រដ្ឋ​ចោទ​ថា អាច​​ជាប់​ពាក់​ព័ន្ធ​​​បទ​​ល្មើស​​នាំ​ចូល​ទំនិញ​គេច​ពន្ធ..?

spot_img

ខេត្តកោះកុង៖ ​ប្រជាពលរដ្ឋ​ខេត្តកោះកុង ​បាន​អះអាងថា ​ទំនិញ​គេច​ពន្ធគ្រប់​ប្រភេទ និង​ទំនិញ​ខូច​គុណភាព ឬ​​ផលិត​ផល​សាច់​សត្វ ​ត្រូវ​បាន​ឈ្មួញ​បន្ត​​នាំ​ចូល​​តាម​​ព្រំដែន​​សមុទ្រ​ ​ជា​ពិសេស​បាន​​នាំ​ចូល​តាម​​ច្រកទ្វារ​អន្តរ​ជាតិ​កម្ពុជាថៃ​ ​ច្រក​ចាំ​យាម​​ខេត្ត​កោះកុង​ ​​ស្ទើរជារៀង​​រាល់​ថ្ងៃ។

បទ​ល្មើស​នេះ​ ប្រជា​ពលរដ្ឋ​ និង​ជា​ស្ត្រី​មេ​ផ្ទះ បាន​ទទូច​​ដល់​ប្រធាន​​អង្គ​ភាព​​ប្រឆាំ​ង​អំពើ​ពុក​​រលួយ​ ​​និង​ថ្នាក់​ដឹក​នាំ​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ឲ្យ​ជួយ​​ចុះ​ស៊ើប​​​អង្កេត​​​រាល់​​សកម្ម​ភាព​ របស់​​មន្ត្រី​​​ជំនាញពាក់ព័ន្ធ ​​ប្រចាំការ​នៅ ច្រក​ទ្វារ​អន្តរ​ជាតិ​​​ចាំយាម​ខេត្ត​កោះកុង​ ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​មន្ត្រី​​ស្ថាប័ន​ណា​ខ្លះ​​​មា​ន​​ជាប់​​ពាក់​ព័ន្ធ​ការ​​ទទួល​សំណូក​ពុក​រលួយ​ ជា​​ថ្នូរ​អនុញ្ញាត​​ឲ្យ​ឈ្មួញ​នាំ​ចូល​​ទំនិញ​គេច​ពន្ធ​ ​និង​ទំនិញ​ខូច​គុណ​ភាព​​ពី​ប្រទេសថៃ ​ចូលមក​កម្ពុជា​

​​ប្រជាពលរដ្ឋ​ និងអាជីវករ​ភាគ​ច្រើន​រស់នៅ​ខេត្តកោះកុង បានឲ្យ​​អ្នក​យក​ព័ត៌មាន​គេហទំព័រ cen.com.kh ​ប្រចាំ​ខេត្ត​កោះកុង ​ដឹងកាលពីព្រឹក​​ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ​២០១៨​ថា ពួកគេ​​នៅតែព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​ចំណី​អាហារ​គ្រប់​ប្រភេទ ​ផ្តើម​ចេញ​ពី​បទ​​ល្មើស​​​នាំចូល​ទំនិញ​គេច​ពន្ធ ​និង​ទំនិញ​ខូច​​គុណ​ភាព ​ត្រូវ​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ ​តាម​ច្រក​ព្រំដែន​ចាំ​យាម ​តាមផ្លូវ​សមុទ្រ និង​ច្រក​របៀង​ផ្សេងៗ​ទៀត ​ដោយ​គ្មាន​សមត្ថ​កិច្ច​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។

ពួកគេសង្ស័យថា ទំនិញគេចពន្ធ ឬសាច់ស្រស់​ខូច​គុណ​ភាព ដែលឈ្មួញអាចនាំចូលតាមច្រកចាំយាម និងច្រក​ផ្សេងៗនាខេត្តកោះកុង​ទំនង​ជា​ឈ្មួញ​​ទាំង​នោះ បានត្រូវដងត្រូវផ្លែគ្នា ជាមួយ​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ប្រចាំ​ការ នៅតាម​ច្រក​ព្រំដែន​ទឹក ពិសេស​​មន្ត្រី​ជំនាញ​ប្រចាំការនៅ​ច្រក​​​ទ្វារ​ចាំ​យាម​តែម្តង​ ទើបសមត្ថកិច្ច​មិន​មាន​សកម្ម​ភាព​ចុះ​បង្ក្រាប។

ប្រជាពលរដ្ឋខេត្តកោះកុង បានអះអាង​ថា រាល់ថ្ងៃនេះ ទំនិញ​​ដឹក​តាម​រទេះពិសេស​ដឹក​តាមរថយន្តធំៗ ដែល​បាន​ឆ្លង​កាត់​ច្រកចាំយាម ពិសេស​នៅ​ពេល​ព្រលប់ គឺ​ទំនិញ​ភាគ​ច្រើន ​មិន​ត្រូវ​បាន​មន្ត្រី​សាខាគយ ​និង​រដ្ឋាករ​ខេត្ត​កោះ​កុង និងមន្ត្រី​កាំ​កុង​ត្រូល​ខេត្តនេះ​ ព្រមទាំងមន្ត្រីស្ថាប័ន​ពាក់​​ព័ន្ធ​​ដទៃ​ទៀត​ ចុះត្រួត​ពិនិត្យ​ ឲ្យបាន​ត្រឹមត្រូវ​​ទេ ពោល គឺពួកគេ​បានត្រឹម ឈរចាំយក​​លុយ​ពីឈ្មួញ ឬពាណិជ្ជករទាំងនោះបង់ ជូនតាមជើង នីមួយៗ​​​ជា​ការ​ស្រេច​។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ បាន​ស្នើដល់ លោក​ គុណ ញ៉ឹម ​អគ្គនាយក នៃ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា និងលោក ម៉ក ពេជ្ជរិទ្ធ អគ្គ​នាយក​ដ្ឋាន​កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ជាពិសេស ​លោក ឱម យ៉ិន​ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រីចុះស៊ើបអង្កេត ទៅ​លើ​សកម្មភាព របស់សមត្ថកិច្ច​​ប្រចាំ​ការ នៅ​តាមច្រក​ព្រំដែន​ចាំយាម ខេត្ត​កោះ​កុង ដើម្បីឲ្យប្រាកដថា តើមន្ត្រីស្ថាប័នណាខ្លះ អាចមាន​ជាប់​ពាក់​ព័ន្ធ ការ​អនុញ្ញាតនាំ​ចូល​ទំនិញ​គេចពន្ធ និង​ទំនិញ​ខូច​គុណភាព​ ជាថ្នូរ​ទទួល​បានសំណូក​ពុក​រលួយពី​ឈ្មួញ​ល្មើស​ទាំងនោះ..?

ប្រជាពលរដ្ឋខេត្តកោះកុង ​បាន​អះអាងថា កន្លងមក​ទំនិញ ដែលឈ្មួញបានដឹកតាមរថយន្តធំៗ ចូល​តាម​ច្រក​ព្រំ​ដែន​ចាំ​យាម មិន​សូវ​ឃើញ​មាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ដែលឈរ​ប្រចាំ​ការ​នៅ​ច្រកទ្វារ​អន្តរ​ជាតិ​កម្ពុជា​ថៃ​​ ​ចុះ​ត្រួត​ពិនិត្យ​​​ទំនិញ​ទាំង​នោះ​ឲ្យបាន​ត្រឹម​ត្រូវ​ទេ ​ដោយ​ឃើញមន្ត្រី​ស្ថាប័ន​ខ្លះ ​បាន​​ឈរ​ចាំ​ទទួល​យក​ត្រឹម​សំណូក​លុយ​កាក់ ​ដែល​ឈ្មួញ ឬ​ពាណិជ្ជករ​ទាំងនោះ​​បង់​ជូន​មន្ត្រីស្ថាប័ន​​នីមួយ​ៗ​​​ឈរ​ប្រចាំ​ការ នៅ​ច្រក​ទ្វារ​ចាំ​យាម ប៉ុន្តែ​​មិន​​បាន​​ត្រួត​ពិនិត្យ​ទំនិញ​ ដែល​ដឹក​តាមរទេះ ​ពិសេស​រថ​យន្ត​ធំៗ​ទាំងនោះទេ​។

បញ្ហា​នេះ​ដែរ អាជីវករ​លក់​ដូរ​​នៅក្បែរ​ច្រកទ្វារ​អន្តរ​ជាតិ​កម្ពុជា​ថៃ​ច្រកចាំយាម ​បាន​ឲ្យដឹងទៀត​ថា ​ទំនិញ​គេច​ពន្ធ និង​ខូច​គុណ​ភាពគ​ជាច្រើនប្រភេទ ដែល​​ឈ្មួញ​នាំ​ចូលតាម​ច្រកទ្វារ​ព្រំដែន​នេះ គឺ​មិន​មែន​ជា​រឿង​ថ្មីទេ ពោល គឺ​បាន​កើត​មាន​ជាយូរ​មកហើយៗ ​​ប៉ុន្តែមន្ត្រី​ស្ថាប័ន​ជំនាញ ប្រចាំការ​នៅ​ច្រក​​ទ្វារ​​ចាំ​យាម​​មួយ​ចំនួន​​រួមមាន៖ ​មន្ត្រី​សាខាគយ និង​រដ្ឋា​ករខេត្តកោះកុង ​មន្ត្រី​សាខាកាំ​កុងត្រូលខេត្ត​កោះកុង និង​ប្រធាន​ច្រកទ្វារ​អន្តរ​ជាតិ​ចាំ​យាម​ជា​ដើម ​បាន​ត្រូវ​ដង​ត្រូវ​ផ្លែគ្នាជាមួយឈ្មួញ​មួយចំនួន។ ក្នុងនោះក៏មានឈ្មួញ​ឈ្មោះ ចែ ហ៊ួយ ម្នាក់​ផងដែរនៅខេត្តកោះកុង ដោយបាន​អនុញ្ញាត ឲ្យ​​នាំ​​ចូល​​ទំនិញ​គេច​ពន្ធ និងអាហារ​​សាច់សត្វ​​ស្រស់​ខូច​គុណ​ភាព​ជាដើម ​ចូល​​តាមច្រក​ចាំយាម ​និងច្រកផ្សេងៗទៀត​ដោយ​រលូន ​គ្មាន​ការ​ហាម​ឃាត់ ជា​ថ្នូរ​ទទួលបានសំណូកពុករលួយ​​

យ៉ាងនេះក្តី​គេហទំព័រ cen.com.kh ​មិនទាន់អាចទាក់ទង​ ​ប្រធាន​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​កោះកុង ​និង​ប្រធាន​សាខា​កាំ​កុងត្រូលខេត្ត​កោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់ ​របស់​ប្រជាពលរដ្ឋ​ ទាក់​ទង​​បទ​ល្មើស​នាំ​ចូល​ទំនិញ​គេច​ពន្ធ ឬ​ទំនិញ​ខូច​គុណ​ភាព នាំ​ចូល​ពីប្រទេស​ថៃ​ចូល​មក​កម្ពុជា តាម​​ច្រក​ទ្វារ​​​អន្តរ​ជាតិ​ចាំយាម ខេត្ត​កោះ​កុង​​បាននៅឡើយទេ។

ជាងនេះទៀត អ្នកយក​ព័ត៌មាន cen.com.kh ប្រចាំខេត្តកោះកុង ក៏មិន​ទាន់​អាច​ទាក់​ទង លោក​ ង៉ុយ ​ជៀង ​​ប្រធាន​ច្រក​ទ្វារ​អន្តរ​ជាតិ​កម្ពុជា​ថៃ​​ចាំ​យាម​​ខេត្ត​កោះកុង ​ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​ ​របស់​ប្រជាពលរដ្ឋ​ខាង​លើ​បាន​នោះ​ដែរ ​តាម​ទូរ​ស័ព្ទ​ដៃផ្ទាល់​ របស់​លោក​​ នៅ​រសៀល​ថ្ងៃអង្គារ ទី​២៤ ​ខែ​មេសា ឆ្នា​២០១៨។

បញ្ហា​ទំនិញ​គេច​ពន្ធនេះ​ដែរ សម្រាប់​អ្នក​ឃ្លាំ​មើល​ផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តកោះកុង ក៏បានឲ្យដឹង​ថា ​ពួក​គេ​ធ្លាប់​​ទទួល​​ពាក្យ​បណ្តឹង​ផ្ទាល់​មាត់​ពី​ប្រជាព​លរដ្ឋ ​អំពី​សកម្ម​ភាព​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និងសាច់​ស្រស់​​ខូច​​គុណ​ភាព​ ​នាំ​ចូលពី​ប្រទេស​ថៃចូល​មក​កម្ពុជា​​តាម​ច្រក​​ចាំយាម ​និង​តាម​ផ្លូវ​សមុទ្រ​​ជាដើមជា​បន្ត​បន្ទាប់​មក​​ដែរ​។ ទំនិញ​គេច​ពន្ធទាំងនោះ​មានដូចជា៖ ​ម៉ូតូ​សេរីទំនើបៗ សម្ភារៈ​សំណង់ សាច់​​ស្រស់ ឬ​អាហារ​សមុទ្រ​​ស្រស់ៗ ​គ្រឿង​សម្អាង​ ភេសជ្ជៈ​ ​​អាហារ​កំប៉ុង​គ្រប់​ប្រភេទ ​ដែលខូចគុណភាព ឬ​ហួស​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​ ជា​​ពិសេស​គ្រឿង​អេឡិច​ត្រូនិច្ច​ជាដើម​។ ​

អ្នកឃ្លាំមើលសង្គម ក៏​បាន​ឲ្យ​ដឹង​ដែរថា​ ​ទំនិញទាំងគេច​ពន្ធ និងខូច​គុណភាព​ភាគច្រើន នាំចូល​តាមច្រក​ព្រំដែន​​កម្ពុជា​ថៃ នាខេត្តកោះកុង ​រាល់ថ្ងៃ​នេះ​​ គឺមានលក្ខណៈជាចំហ ដោយមន្ត្រី​ស្ថាប័ន​ជំនាញ​មួយ​ចំនួន ដែល​ឈរ​ជើង​​ប្រចាំការ ​នៅ​តាម​ច្រក​ព្រំដែននីមួយៗ ​ពិសេស​ច្រកទ្វារ​អន្តរ​ជាតិ​ចាំ​យាម​ គឺ​សង្កេត​ឃើញ​សមត្ថកិច្ចមួយចំនួន បាន​បើកដៃ​ឈ្មួញឲ្យនាំចូល​ទំនិញ​​ តាមរទេះរុញ ពិសេសតាម​រថ​យន្ត​​ធំៗ​ ដោយមិន​បានត្រួតពិនិត្យ​​ទេ គឺ​ឈរ​​​ចាំ​យក​តែ​លុយ ដែលឈ្មួញបង់​ជូន​គឺចប់រឿង​តែម្តង។

ផ្តើម​ពី​បញ្ហានេះ ​ប្រជា​ពលរដ្ឋ ​រស់​នៅ​ខេត្ត​កោះកុង ​បានស្នើ​ដល់​​​ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ និងថ្នាក់​ដឹកនាំ​ក្រសួង​ពាក់​ព័ន្ធ​ថ្នាក់​ជាតិ​ ជួយ​បញ្ជូន​មន្ត្រី​ស្អាតស្អំ​​ចុះ​ស៊ើប​អង្កេត​​សកម្ម​ភាព ​​​របស់​មន្ត្រីស្ថាប័នជំនាញ​ប្រចាំ​ការនៅ​​តាម​ច្រក​ព្រំដែន​នាំ​ចូល​ទំនិញ​ពីប្រទេស​ថៃ​ចូល​មក​កម្ពុជា ​ពិសេស​​នៅ​​ច្រក​ទ្វារ​ចាំ​យាម​ខេត្តកោះកុង ដើម្បី​​​ទប់​​ស្កាត់​អំពើ​ពុក​រលួយ ដែល​អាច​នាំ​ឲ្យ​ខាត​បង់ប្រាក់​ចំណូល​ថវិកាជាតិ​​នាថ្ងៃអនាគត។

បញ្ហា​នាំ​ចូល​ទំនិញ​គេច​ពន្ធនេះ​ដែរ កាលពីខែតុលា ឆ្នាំ​២០១៧ ​កម្លាំង​នគរ​បាល​​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ ដឹក​នាំ​ដោយ ​លោក មីន រស្មី ​ស្នង​​ការរងនគរ​បាល​ខេត្តកោះ​កុង បានចុះ​ត្រួត​ពិនិត្យនិង​បង្ក្រាប បទ​ល្មើស​នាំ​ចូល​​សាច់មាន់ និង​ប្រហិត​ស្រស់ ពី​ប្រទេស​ថៃ​ចូល​មក​ខេត្តកោះកុង​ ​ដែល​​ត្រៀម​ចែក​ចាយ និង​នាំ​ចេញទៅ​កាន់​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​​ចុះស្ទាក់​ទប់​ស្កាត់​បាន​ទាន់​ពេល​។

សកម្មភាព​នោះ ​កម្លាំង​នគរបាល​ខេត្ត​កោះ​កុង ​បាន​ដក​ហូត​ទំនិញខុស​ច្បាប់​​​ចំនួន ​១ពាន់​ ​៦រយ ​៨៧​គីឡូ​ក្រាម​។ ក្នុង​នោះ​សាច់​មាន់​​​ខូច​គុណ​ភាព​មាន​​ ​១ពាន់ ​១រយ ​១៤​គីឡូ​ក្រាម​ ​និង​ប្រហិត​ខូច​គុណ​ភាព​មាន ៥រយ ៦៤​គីឡូ​ក្រាម​៕ ​ដែន ​សីមា

       

spot_img
×